សេតវិមាន៖ លោក ពូទីន និងលោក ត្រាំ ព្រមព្រៀងគ្នាទៅលើតម្រូវការសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមព្រៀងគ្នាថា ជម្លោះអ៊ុយក្រែនចាំបាច់ត្រូវបញ្ចប់ដោយសន្តិភាពយូរអង្វែង។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា «ថ្ងៃនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ពូទីន បាននិយាយអំពីតម្រូវការសន្តិភាព និងបទឈប់បាញ់គ្នានៅក្នុងសង្គ្រាមអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានយល់ស្របថា ជម្លោះនេះចាំបាច់ត្រូវបញ្ចប់ដោយសន្តិភាពយូរអង្វែង»។
យោងតាមសេវាសារព័ត៌មានរបស់វិមានក្រឹមឡាំង បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការអំពាវនាវនោះ លោក ពូទីន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តជាគោលការណ៍របស់លោកចំពោះដំណោះស្រាយសន្តិភាពយូរអង្វែងនៃជម្លោះអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើតម្រូវការដោយគ្មានលក្ខខណ្ឌ ដើម្បីលុបបំបាត់មូលហេតុឫសគល់នៃវិបត្តិ និងគិតគូរពីផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





