ចិន និងអង់គ្លេសសន្យារួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីចិន លោក ឌីង ស៊ូស៊ាំង (Ding Xuexiang) បានជួបជាមួយ លោក អេដ មីលីបេន (Ed Miliband) រដ្ឋលេខាធិការចក្រភពអង់គ្លេសទទួលបន្ទុកសន្តិសុខថាមពល និងលោក ណេត ហ្សេរ៉ូ (Net Zero) នៅទីក្រុងប៉េកាំង។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
លោក ឌីង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ការអភិវឌ្ឍទំនាក់ទំនងស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសចិន និងចក្រភពអង់គ្លេសបានបម្រើផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ ជួយសម្រួលដល់កំណើនសេដ្ឋកិច្ចពិភពលោក និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកល។
លោក ឌីង បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយចក្រភពអង់គ្លេស ដើម្បីអនុវត្តន៍យ៉ាងស្មោះស្ម័គ្រនូវមតិឯកភាពសំខាន់ៗដែលមេដឹកនាំនៃប្រទេសទាំងពីរបានសំរេចបាន ពង្រឹងសន្ទុះសម្រាប់ការធ្វើឱ្យប្រសើរឡើង និងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេវាកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍកាបូនទាប ហើយរួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក។
លោក មីលីបេន បាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេសសង្ឃឹមយ៉ាងស្មោះស្ម័គ្រក្នុងការបង្កើនការចូលរួមជាមួយប្រទេសចិន ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងទ្វេភាគីយូរអង្វែង និងស្ថាបនា ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើសន្តិសុខថាមពល និងការដោះស្រាយការប្រែប្រួលអាកាសធាតុ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





