ហុងគ្រីរំពឹងថាសន្តិភាពនៅអ៊ុយក្រែនអាចសម្រេចបានត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភែតទ័រ ហ្ស៊ីចចាតូ (Peter Szijjarto) បាននិយាយនៅក្នុងសន្និសីទអន្តរជាតិ Raisina Dialogue នៅរដ្ឋធានីឥណ្ឌាថា ប្រទេសហុងគ្រីរំពឹងថា កិច្ចចរចារុស្ស៊ី-សហរដ្ឋអាមេរិកស្តីពីអ៊ុយក្រែននឹងទទួលបានជោគជ័យ និងសន្តិភាពដើម្បីវិលត្រលប់ទៅអឺរ៉ុបវិញឆាប់ៗនេះក្នុងពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។
រដ្ឋមន្ត្រីការបរទេសបាននិយាយទាក់ទងនឹងកិច្ចពិភាក្សាអំពីបទឈប់បាញ់គ្នានៅអ៊ុយក្រែនថា «ខ្ញុំសង្ឃឹមថា <…> ក្នុងរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ យើងអាចប្រារព្ធសន្តិភាពនៃការវិលត្រឡប់ទៅកាន់អឺរ៉ុបកណ្តាលវិញ»។
លោក ហ្ស៊ីចចាតូ បានកត់សម្គាល់ថា «យើងរីករាយណាស់ដែលកិច្ចចរចាទាំងនេះបានចាប់ផ្តើម។ យើងរីករាយដែលបានឃើញកិច្ចចរចានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ យើងភ្ជាប់ក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះកិច្ចប្រជុំទាំងនោះ ហើយយើងសង្ឃឹមថា បទឈប់បាញ់គ្នាអាចត្រូវបានបង្កើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយកិច្ចចរចាសន្តិភាពអាចចាប់ផ្តើមបានកាន់តែឆាប់ដែរ ពីព្រោះយើងចង់ឱ្យសន្តិភាពត្រលប់មកអឺរ៉ុបកណ្តាលវិញ»។
លោកបានរំលឹកថា តាំងពីដើមដំបូងនៃជម្លោះ រដ្ឋាភិបាលហុងគ្រីបានអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធី និងតស៊ូមតិឱ្យមានការសន្ទនាជាមួយរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





