ឯកឧត្តម ជា សុមេធី កោតសរសើរដល់អង្គការ Care For Children ចំពោះភាពជាដៃគូដ៏ល្អ ក្នុងការជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា
AKP ឡុងដ៏ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គការ Care For Children ចំពោះភាពជាដៃគូដ៏ល្អ និងការចូលរួមចំណែកជាមួយក្រសួងសង្គមកិច្ច ក្នុងការជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ តាមរយៈការអនុវត្តគម្រោង “អភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា” រយៈពេល ៣ឆ្នាំកន្លងមក”។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងដូច្នេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Robert Glover ស្ថាបនិក នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ Care For Children នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិភាក្សាការអនុវត្តគម្រោង «អភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា» ដើម្បីចូលរួមកំណែទម្រង់ការថែទាំជំនួសចំពោះកុមារនៅកម្ពុជា ដោយការធ្វើសមាហរណកម្មកុមារចេញពីមណ្ឌលថែទាំ ការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារ និងការពង្រឹងសមត្ថភាពផ្ដល់សេវាកិច្ចការពារកុមារ នៃកម្លាំងសេវាសង្គម។

ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមអំពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពសំខាន់ៗ នៃការធ្វើកំណែទម្រង់ការថែទាំជំនួសចំពោះកុមារនៅកម្ពុជា ដោយដាក់ចេញនូវអាទិភាព ការធ្វើសមារណកម្មកុមារចេញពីមណ្ឌលថែទាំ ការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារ និងការពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម ផ្តល់សេវាកិច្ចការពារកុមារ។

លោកប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ Care for Children បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់ការអនុវត្តសកម្មភាពការងាររបស់អង្គការនាពេលកន្លងមក និងបញ្ជាក់ពីការគាំទ្រដល់អង្គការ Care for Children ក្នុងការពង្រីកសកម្មភាពការងាររបស់ខ្លួនទៅកាន់ខេត្តគោលដៅថ្មីបន្ថែមទៀតនៅកម្ពុជា។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត និងក្រុមប្រឹក្សាភិបាល ដែលបានអញ្ជើញ និងគាំទ្រដល់គណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅទីក្រុងឡុងដ៍នាពេលនេះ។
មុននឹងបញ្ចប់ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាអញ្ជើញមកបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស ហើយរំពឹងថា គណៈប្រតិភូនឹងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតអំពីការអនុវត្តការងារថែទាំកុមារនៅក្នុងគ្រួសារ និងការផ្តល់សេវាកិច្ចការពារកុមាររបស់កម្លាំងសេវាសង្គម៕
ដោយ AKP





