អភិបាលរងខេត្តបន្ទាយមានជ័យអញ្ជើញកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០២៥-២០២៦ មណ្ឌលប្រឡងវិទ្យាល័យសម្ដេច ជា ស៊ីម
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាធំប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសម្ដេច ជា ស៊ីម ដែលមានសមណសិស្សនិមន្តមកប្រឡងនាថ្ងៃនេះសរុបចំនួន១៨០អង្គ ដែលនឹងត្រូវបែងចែកជា៨បន្ទប់ ស្ថិតនៅបរិវេណវត្តចមសុទ្ធាវាស (ហៅវត្តស្វាយចាស់) ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីរាជការ និងគណៈកម្មការប្រឡងជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក យឹម សំណាង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរធម្មការ និងសាសនាខេត្ត គណៈកម្មការប្រឡង និងសមណៈសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងយុត្តិធម៌ និងបានសង្កត់ធ្ងន់ថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយការអប់រំក្នុងវិស័យពុទ្ធសាសនាក៏មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណធម៌ និងសីលធម៌ផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានក្រើនរម្លឹកដល់សមណសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងធ្វើកិច្ចការប្រឡងនេះឱ្យបានត្រឹមត្រូវទទួលបានជោគជ័យដើម្បីមានលទ្ធភាពក្នុងការចូលបន្តការសិក្សារៀនសូត្រនៅពុទ្ធិកមធ្យមសិក្សាបឋមភូមិទៀតនោះ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថា ការប្រឡងនេះមានគោលបំណងជ្រើសរើសសមណសិស្សដែលមានសមត្ថភាពដើម្បីបន្តការសិក្សានៅកម្រិតមធ្យមសិក្សា និងបានប្តេជ្ញាថា គណៈកម្មការប្រឡងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថា ការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌។ សមណសិស្សដែលប្រឡងជាប់នឹងទទួលបានឱកាសបន្តការសិក្សានៅពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដើម្បីក្លាយជាអ្នកដឹកនាំសាសនា និងចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ៕
ដោយ ឈុន សារ៉ាត





