សកម្មភាពនារសៀលថ្ងៃទីមួយ នៃដំណើរបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅក្នុងទីក្រុងចឹងចូវ ខេត្តហ៊ឺណាន
AKP ភ្នំពេញថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥៖ សកម្មភាពនារសៀលថ្ងៃទីមួយ នៃដំណើរបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅក្នុងទីក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ហ៊ឺណាន៖ នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា បន្តដំណើរបំពេញបេសកកម្មទាក់ទាញនិងជំរុញវិនិយោគ នៅក្នុងទីក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងរសៀលថ្ងៃទីមួយ នៃដំណើរបេសកកម្មនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញចូលរួមកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម៖
១. ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ
២. ទស្សនកិច្ចស្វែងយល់អំពីរចនាសម្ព័ន្ធរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្មក្រុងចឹងចូវ (Zhengzhou Agricultural Development Group Co., Ltd.)
៣. ពិធីដាំដើមឈើមិត្តភាព ជានិមិត្តរូបនៅសួនមិត្តភាពអន្តរជាតិប្រចាំក្រុងចឹងចូវ។

មានមតិស្វាគមន៍ លោក Zhou Fuqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តហឺណាន។ ជាមួយគ្នានេះ លោកក៏បានធ្វើការពិព័ណ៌នាអំពីសក្តានុពលរបស់ខេត្តហឺណាន ព្រមទាំងវឌ្ឍនភាពនៃការស្ថាបនាសួនកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Zhengzhou Agricultural Development Group ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃអាកាសយានដ្ឋានអន្តរជាតិក្រុងចឹងចូវ។ លោកក៏បានសម្តែងនូវសុទិដ្ឋិនិយមថាក្រុមហ៊ុន Zhengzhou Agricultural Development Group នឹងអាចមានលទ្ធភាពសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ភាគីមិត្តជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានលើកឡើងអំពីសាវតានៃចំណងមិត្តភាពជាបងប្អូនរវាងកម្ពុជា និងចិន ចាប់តាំងពីរជ្ជកាល ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» រហូតមកដល់បច្ចុប្បន្ន ដែលចំណងមិត្តភាពមួយនេះត្រូវបានប្រសិទ្ធនាមថា «មិត្តដែកថែប»។ មិត្តភាពដែកថែប របស់កម្ពុជានិងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយនឹងការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ - ២០២៨)៕
ដោយ៖ ចរិយា ប្រភព៖ CDC





