CDC ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
AKP ភ្នំពេញថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥៖ គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រសួងប្រៃសណីយ៍ ដើម្បីពិភាក្សាផ្តោតជាសំខាន់ទៅលើការជំរុញវិនិយោគក្នុងវិស័យឌីជីថល និងបដិវត្តកម្មឌីជីថលជាអទិភាព។

កាលពីរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយកិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើការជំរុញវិនិយោគក្នុងវិស័យឌីជីថល និងបដិវត្តកម្មឌីជីថលជាអទិភាព។

ជាកិច្ចចាប់ផ្តើមឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានធ្វើបទបង្ហាញជម្រាបជូនអំពីរចនាសម្ពន័្ធគ្រប់គ្រង ក៏ដូចជាវិសាលភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់វិនិយោគ និងការផ្តល់ការលើកទឹកចិត្តដល់ឧស្សាហកម្មឌីជីថល, និងកិច្ចការងារសំខាន់ផ្សេងៗទៀតដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្តចូលរួមចំណែកដល់ការជំរុញការអភិវឌ្ឍវិស័យឌីជីថលនិងបដិវត្តកម្មឌីជីថល។ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជម្រាបជូនអំពីចក្ខុវិស័យ និងវិសាលភាពការងាររបស់ក្រសួង និងការដាក់ចេញនូវគោលនយោបាយជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខណ្ឌការអភិវឌ្ឍវិស័យឌីជីថល និងសមិទ្ធផលជាច្រើនទៀតដែលក្រសួងសម្រេចបាន ហើយបាននិងកំពុងអនុវត្ត។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ កិច្ចពិភាក្សាបានផ្តោតលើការចែករម្លែកព័ត៌មាន ការផ្លាស់ប្តូរ បទពិសោធន៍នៃការប្រើប្រាស់និងអភិវឌ្ឍប្រព័ន្ធឌីជីថល ការទទួលបានការគំាទ្រពីក្រសួង, និងការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងវិស័យឌីជីថលផងដែរ៕

ដោយ៖ ចរិយា ប្រភព៖ CDC





