ឯកឧត្ដម ឡាំ ជា អញ្ជើញជាអធិបតីក្នុងការធ្វើបទបង្ហាញស្ដីពី «ព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា» ជូនបងប្អូនសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីក្នុងការធ្វើបទបង្ហាញស្ដីពី «ព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា» ជូនបងប្អូនសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានសំណេះសំណាលមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនសហគមន៍ខ្មែរដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់ទាំងអស់ ក្នុងការចំណាយពេលវេលាមកស្វែងយល់ និងចង់ស្គាល់ផ្ទាល់នូវព្រំដែននៃប្រទេសជាតិរបស់ខ្លួន ដើម្បីជួយផ្សព្វផ្សាយបន្ដ ព្រមទាំងចូលរួមអភិវឌ្ឍ និងការពារព្រំដែនកម្ពុជា និងបានធ្វើបទបង្ហាញដោយលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការរំលឹកប្រវត្តិសាស្ត្រខ្មែរនៃសម័យកាលនីមួយៗពាក់ព័ន្ធនឹងការវិវត្តទឹកដី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង និងយុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់លើកិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់ និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។ អនុលោមតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារនូវសមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីសម្រេចចក្ខុវិស័យ «កសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ព្រមទាំងធានារក្សាការពារមិនឱ្យមានការរំលោភបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនដល់បងប្អូនសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





