ពិធីបើកវិញ្ញាសាប្រឡងពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្ត ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តវេឡុការាម ហៅវត្តព្រែកឫស្សី និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវិញ្ញាសាប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នៅក្នុងមណ្ឌលវិទ្យាល័យសិត្បូ ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លោក ប៊ុន ផេង បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយនៅពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ បាននឹងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា។ ជាងនេះទៅទៀត ការអប់រំ តាមបែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា បានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គមដែលពុទ្ធសាសនាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងថាតើអ្វីគួរធ្វើ និងមិនគួរធ្វើ។ ការប្រឡងនេះគឺជាការលើកតម្កើងនូវវប្បធម៌ អរិយធម៌របស់ជាតិ សាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ធចក្រ និងអាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនា ជាតិយើងមានការរីកចំរើនក្រោមដំបូលសន្តិភាព។ សមណសិស្សទាំងអស់ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានល្អ និងខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព លទ្ធភាពរាល់ចំណេះដឹងដែលមានដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជា កត្តាសំខាន់មួយសម្រាប់អ្នកបួសបានវាស់ស្ទង់ចំណេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំណេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបព្វជិត ស្របទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីនេះ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្ត ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តវេឡុការាម ហៅវត្តព្រែកឫស្សី បានមានសង្ឃដីកាថា សមណសិស្ស ប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឱ្យបានត្រឹមត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្តីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំតាំងចិត្តខិតខំបំពេញកាតព្វកិច្ចប្រឡងទទួលបាននូវលទ្ធផលល្អគ្រប់ៗព្រះអង្គ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត។ ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល មានសមណសិស្សនិមន្តមកប្រឡងចំនួន៥ក្រុងស្រុក គឺ ក្រុងតាខ្មៅ កៀនស្វាយ លើកដែក អង្គស្នួល និងក្រុងអរិយក្សត្រ មានបេក្ខសមណសិស្សសរុបចំនួន៣២០អង្គ/នាក់ ស្មើនឹង១៣បន្ទប់ ក្នុងនោះមានមុខវិជ្ជាភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





