អង្គការ WWF៖ យុទ្ធនាការហែលទឹកមេគង្គកាត់អន្លង់ផ្សោតនៃបេសកកម្មថ្ងៃទី១ត្រូវបានបញ្ចប់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- អ្នកហែលទឹកអន្តរជាតិចំនួន៥នាក់ បានចាប់ផ្តើមការហែលតាមឆ្លងទន្លេមេគង្គ កាលពីម្សិលមិញដោយចាប់ផ្តើមពីទីតាំងក្បែរស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង។ នេះបើតាមការបញ្ជាក់ពីអង្គការWWF នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥។

ការហែលទឹកនៅថ្ងៃដំបូងនេះប្រើរយៈពេលជាង៩ម៉ោង ដែលមានចម្ងាយប្រមាណ៤០ គីឡូម៉ែត្រ ដោយឆ្លងកាត់កោះខ្សាច់ដ៏ស្រស់ស្អាត សហគមន៍មូលដ្ឋាន ព្រៃលិចទឹកដ៏ខៀវស្រងាត់ និងទឹកទន្លេដ៏ថ្លា រួមជាមួយទិដ្ឋភាពពណ៌មាសនាថ្ងៃលិច។ ដំណើរនៃការហែលទឹកនេះ គឺមិនមែនគ្មានឧបសគ្គនោះទេ ជាក់ស្តែង អ្នកហែលទឹកបានប្រឈមមុខនឹងចរន្តទឹកដ៏ខ្លាំង ផ្ទាំងថ្មក្នុងទឹកជាច្រើន ខណៈពេលដែលការស៊ូទ្រាំនឹងកំដៅខ្លាំងផងដែរ។ អ្នកហែលទឹកម្នាក់ៗ បានពិពណ៌នាអំពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា ពួកគាត់មានការស្ទាក់ស្ទើរ ការភ័យខ្លាច និងការរំភើបជាច្រើន។ ទោះបីជាមានការសង្ស័យនៅដំណាក់កាលដំបូងនេះ ប៉ុន្តែក្រុមអ្នកហែលទឹករបស់យើងនៅតែប្តេជ្ញាចិត្តរបស់ពួកគេបានរហូតអាចសម្រេចតាមផែនការហែលឆ្ពោះទៅដល់គោលដៅ។ ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកពាក់ព័ន្ធ បានទទួលស្វាគមន៍ក្រុមអ្នកហែលទឹក ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ អំឡុងពេលហែលទឹក និងការស្នាក់នៅតាមកោះផងដែរ។

ជាលទ្ធផល អាជ្ញាធរមូលដ្ឋានបានទទួលស្គាល់ព្រឹត្តិការណ៍នេះថា ជាកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមក និងបំផុសគំនិតក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ ដើម្បីការពារទន្លេមេគង្គ និងផ្សោត ដែលជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ WWF)





