ស៊ីរី និងលីបង់ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីពង្រឹងការសម្របសម្រួលព្រំដែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- អាជ្ញាធរការពារជាតិស៊ីរីបានប្រកាសថា ប្រទេសស៊ីរី និងលីបង់បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុវត្តន៍បទឈប់បាញ់នៅតាមព្រំដែនរួមគ្នារបស់ពួកគេ និងបង្កើនការសម្របសម្រួលផ្នែកយោធាកាលពីថ្ងៃចន្ទ។ កិច្ចព្រមព្រៀងដែលសម្រេចបានរវាងអាជ្ញាធរការពារជាតិនៃប្រទេសទាំងពីរមានគោលបំណងកាត់បន្ថយភាពតានតឹង និងទប់ស្កាត់អរិភាពបន្ថែមទៀតនៅតំបន់ព្រំដែន។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងថ្មីៗរវាងប្រទេសស៊ីរីនិងក្រុមហេសបូឡាហ៍ ដោយទីក្រុងដាម៉ាស់បានចោទប្រកាន់ក្រុមចាប់ពង្រត់ និងប្រហារជីវិតទាហានស៊ីរី ៣នាក់នៅក្បែរព្រំដែន។ ការចោទប្រកាន់នេះក្រុមហេសបូឡាហ៍បានបដិសេធ។ ប្រទេសស៊ីរីក៏បានថ្កោលទោសក្រុមហេសបូឡាហ៍សម្រាប់ការវាយប្រហារជាគោលដៅទៅលើអ្នកកាសែត និងការបាញ់ផ្លោងស្ថានីយ៍បូមទឹកមួយនៅភាគខាងលិចខេត្តហូម ដែលជំរុញឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។
នៅព្រឹកថ្ងៃដដែល អាជ្ញាធរការពារជាតិស៊ីរីបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការសន្តិសុខ ដើម្បីបោសសម្អាតភូមិនៅតាមព្រំដែនភាគខាងលិចទីក្រុង Qusayr ស្ថិតនៅក្នុងខេត្តហូមស៍ ដោយផ្តោតលើទីតាំងរបស់ក្រុមហេសបូឡាហ៍ដែលត្រូវបានចោទប្រកាន់ពីបទសម្រួលដល់ការរត់ពន្ធ និងការជួញដូរខុសច្បាប់។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឱ្យដឹងថា យោធាកំពុងផ្តោតលើការបណ្តេញអ្នកប្រយុទ្ធក្រុមហេសបូឡាហ៍ចេញពីទឹកដីស៊ីរី ដែលពួកគេបានធ្វើប្រតិបត្តិការចាប់តាំងពីការគ្រប់គ្រងរបស់រដ្ឋាភិបាលមុនមក។
យោងតាមអាជ្ញាធរសុខាភិបាលលីបង់កាលពីថ្ងៃចន្ទ បានឱ្យដឹងថា មនុស្ស ៧នាក់បានស្លាប់ និង៥២នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេលពីរថ្ងៃនៃការប៉ះទង្គិចគ្នានៅតាមព្រំដែនលីបង់-ស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ប្រទេសលីបង់ ដែលមានទំនាក់ទំនងជាមួយក្រសួងសុខាភិបាលសាធារណៈបានរាយការណ៍ថា អ្នកស្លាប់បាត់បង់ជីវិតរួមមានក្មេងប្រុសអាយុ ១៥ឆ្នាំ។ មជ្ឈមណ្ឌលបានជំរុញឱ្យមន្ទីរពេទ្យទាំងអស់ ជាពិសេសទីតាំងដែលនៅជិតតំបន់រងគ្រោះត្រូវតែទទួលអ្នករបួសជាបន្ទាន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





