នាយករដ្ឋមន្ត្រីទុយនីស៊ីជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបស្តីពីទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទុយនីស៊ី បានឱ្យដឹងថា នាយករដ្ឋមន្ត្រីទុយនីស៊ី លោក កាមែល ម៉ាដដូរី (Kamel Maddouri) កាលពីថ្ងៃច័ន្ទបានជួបជាមួយ លោក ហ្គុយសេប ផឺរ៉ូន (Giuseppe Perrone) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសទុយនីស៊ី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។
សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចប្រជុំនេះបានដើរតួជាវេទិកាសម្រាប់ភាគីទាំងពីរក្នុងការទទួលស្គាល់វឌ្ឍនភាពដែលសម្រេចបានក្រោមភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរបស់ពួកគេ» ដោយសេចក្តីថ្លែងការណ៍បានបន្ថែមថា ការពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ត្រីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់លើគោលការណ៍នៃការគោរព និងសមភាព។
លោក ម៉ាដដូរី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបកប្រែអនុស្សរណៈនៃការយោគយល់គ្នាស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៣ ទៅជាកម្មវិធី និងគំនិតផ្តួចផ្តើមដែលអាចធ្វើសកម្មភាពបាន។ លោកក៏បានលើកឡើងពីតម្រូវការរបស់ប្រទេសទុយនីស៊ីសម្រាប់ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការអនុវត្តកំណែទម្រង់សំខាន់ៗដែលស្របតាមចក្ខុវិស័យជាតិ និងអាទិភាពរបស់ប្រទេស។
ចំណែកឯលោក ផឺរ៉ូន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហភាពអឺរ៉ុប ចំពោះប្រទេសទុយនេស៊ីដូចដែលបានបង្ហាញដោយកម្មវិធីនិងគម្រោងរួមជាច្រើន។
លោកបានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការជួយប្រទេសទុយនេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ខ្លួនស្របតាមអាទិភាពជាក់លាក់របស់ប្រទេស និងប្តេជ្ញាផ្តល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





