រវ៉ាន់ដាកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយបែលហ្សិក
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសរវ៉ាន់ដាកាលពីថ្ងៃចន្ទបានផ្តាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសបែលហ្ស៊ិក ហើយបានបញ្ជាឱ្យអ្នកការទូតបែលហ្ស៊ិកទាំងអស់ចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង។
សេចក្តីថ្លែងការណ៍បាននិយាយថា «បែលហ្ស៊ិកបានធ្វើឱ្យខូចកិត្តិយសដល់ប្រទេសរវ៉ាន់ដាទាំងមុន និងក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលប្រទេសបែលហ្ស៊ិកមានតួនាទីជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ និងហឹង្សា ជាពិសេសក្នុងការធ្វើសកម្មភាពប្រឆាំងនឹងប្រទេសរវ៉ាន់ដា»។
សេចក្តីថ្លែងការណ៍បាននិយាយថា «ការសម្រេចចិត្តថ្ងៃនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសរវ៉ាន់ដាក្នុងការការពារផលប្រយោជន៍ជាតិរបស់យើង និងសេចក្តីថ្លៃថ្នូររបស់ប្រទេសរវ៉ាន់ដា ក៏ដូចជាការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព សន្តិភាព និងការគោរពគ្នាទៅវិញទៅមក»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «អ្នកការទូតបែលហ្ស៊ិកទាំងអស់នៅក្នុងប្រទេសរវ៉ាន់ដាត្រូវបានតម្រូវឱ្យចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង។ នៅក្នុងការអនុលោមតាមអនុសញ្ញាទីក្រុងវីយែន ប្រទេសរវ៉ាន់ដានឹងធានាការការពារបរិវេណ ទ្រព្យសម្បត្តិ និងបណ្ណសារនៃបេសកកម្មការទូតបែលហ្ស៊ិកនៅទីក្រុងគីហ្គាលី»។
លោក ម៉ាស៊ីម ព្រេវូត (Maxime Prevot) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចការអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសបែលហ្ស៊ិក បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា«ប្រទេសបែលហ្ស៊ិកសោកស្តាយចំពោះការសម្រេចចិត្តរបស់ប្រទេសរវ៉ាន់ដាក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសបែលហ្ស៊ិក»។
លោកបានបន្តថា «នេះជាការមិនសមហេតុផល ហើយលោកបានបង្ហាញថា នៅពេលដែលយើងមិនយល់ស្របជាមួយប្រទេសរវ៉ាន់ដា ពួកគេមិនចង់ចូលរួមក្នុងការសន្ទនានោះទេ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





