ថៃ និងសហភាពអឺរ៉ុបពន្លឿនកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានចប់ក្នុងខែធ្នូ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ពីឆៃ ណារីបថាផាន (Pichai Naripthaphan) បានជួបប្រជុំក្នុងទម្រង់និម្មិតកាលពីពេលថ្មីៗនេះជាមួយលោក ម៉ារ៉ូស សេហ្វកូវីក (Maroš Šefčovič) ស្នងការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម សន្តិសុខសេដ្ឋកិច្ច ទំនាក់ទំនងអន្តរស្ថាប័ន និងតម្លាភាព ដើម្បីពន្លឿនកិច្ចពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។
ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន និងអាចព្យាករណ៍បានជាពិសេសចំពេលដែលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ខណៈដែលមានការទទួលស្គាល់នូវភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋមន្ត្រីថៃរូបនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃភាពបត់បែន និងជំនួយបច្ចេកទេសពីសហភាពអឺរ៉ុបដើម្បីពន្លឿនកិច្ចចរចា។
សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីបួនរបស់ប្រទេសថៃបន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបដែលមានតម្លៃ ៤៣,៥៣ពាន់លានដុល្លារអាម៉េរិកស្មើនឹង ៧,១៧% នៃពាណិជ្ជកម្មសកលលោករបស់ប្រទេសថៃ។
ការនាំចេញរបស់ប្រទេសថៃទៅកាន់សហភាពអឺរ៉ុបមានចំនួនសរុប២៤,២ពាន់លានដុល្លារអាម៉េរិក ដែលរួមមានកុំព្យូទ័រ គ្រឿងអលង្ការ ម៉ាស៊ីនត្រជាក់ ផលិតផលកៅស៊ូ និងរថយន្ត ខណៈដែលការនាំចូលពីសហភាពអឺរ៉ុបមានចំនួន ១៩,៣ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនរួមមានគ្រឿងម៉ាស៊ីន ឱសថ យន្តហោះ សារធាតុគីមី និងឧបករណ៍អគ្គិសនី។
កិច្ចចរចាបានឈានដល់ជុំទី៤ រួចហើយ ដោយជំពូកពីរត្រូវបានបញ្ចប់និងការពិភាក្សាស្តីពីការចូលប្រើប្រាស់ទីផ្សារសម្រាប់ទំនិញ និងសេវាកម្មកំពុងដំណើរការ។ ជុំទីប្រាំដែលសហភាពអឺរ៉ុបធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា។ ភាគីទាំងពីរមានគោលបំណងបញ្ចប់កិច្ចព្រមព្រៀងនេះត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





