ម៉ាឡេស៊ីព្រមានអំពីសង្គ្រាមពាណិជ្ជកម្ម និងពន្ធគយ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានព្រមានថា សង្គ្រាមពាណិជ្ជកម្មពន្ធគយ និងទណ្ឌកម្ម មិនមែនគ្រាន់តែជាឧបករណ៍សេដ្ឋកិច្ចទេ ប៉ុន្តែបានក្លាយទៅជាអាវុធក្នុងការតស៊ូដណ្តើមអំណាច លុបបំបាត់ការជឿទុកចិត្ត និងបំផ្លាញមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា «ផ្លូវសកលលោកភាគខាងត្បូងឆ្ពោះទៅរកភាពធន់នឹងសេដ្ឋកិច្ច» ដែលត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ Project Syndicate លោក អាន់វ៉ា បានកត់សម្គាល់ថាប្រជាជាតិនានាធ្លាប់ត្រូវបានគេមើលឃើញថាជាដៃគូ ឬជាដៃគូប្រកួតប្រជែងទីផ្សារ ឥឡូវនេះមើលគ្នាទៅវិញទៅមកគ្រាន់តែជាអ្នកលេងនៅក្នុងការតស៊ូអំណាចសកលលោកប៉ុណ្ណោះ។
លោកបានសរសេរថា ជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលកំពុងដំណើរការ ប្រទេសនានាក៏ត្រូវតែទទួលស្គាល់អំពីបញ្ហាប្រឈមដែលកំពុងកើនឡើងដែលប្រទេសនានានៅទូទាំងសកលលោកភាគខាងត្បូង។ យន្តការជាច្រើនដែលធ្លាប់ជំរុញការអភិវឌ្ឍរបស់ប្រទេសទាំងនោះកំពុងចុះខ្សោយ ខណៈដែលជំនួយអភិវឌ្ឍន៍កំពុងត្រូវបានពិនិត្យមើលយ៉ាងដិតដល់ដោយប្រទេសមហាអំណាចមួយចំនួនរបស់ពិភពលោក។
លោកបានព្រមានថា ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចដែលធ្លាប់ជាឆ្អឹងខ្នងនៃវិបុលភាពពិភពលោក ឥឡូវនេះបានក្លាយជាប្រភពនៃភាពតានតឹង។ ប្រសិនបើនិន្នាការនេះនៅតែបន្ត ការតភ្ជាប់ខ្លួនឯងអាចក្លាយជាភាពងាយរងគ្រោះ សូម្បីតែប្រទេសដែលរីកចម្រើនយូរមកហើយនៅក្រោមសកលភាវូបនីយកម្មក៏ដោយ។
លោក អាន់វ៉ា បាននិយាយថា ក្នុងនាមជាប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្ម ម៉ាឡេស៊ីទទួលស្គាល់ថា អស្ថិរភាពពិភពលោក និងការការពារនិយមធ្វើឱ្យការសម្របខ្លួនកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីចំពោះកំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ក៏ដូចជាមហិច្ឆតាក្នុងការពង្រឹងគោលជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសំខាន់សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍បច្ចេកវិទ្យា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





