ភ្នំភ្លើងសេមេរុនៅឥណ្ឌូណេស៊ីផ្ទុះចំនួន ៧ដងកាលពីព្រឹកម្សិលមិញ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- ភ្នំភ្លើងសេរេមុ (Semeru)នៅក្នុងខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងចំនួន៧ដងកាលពីថ្ងៃទី១៧ ខែមីនាម្សិលមិញនេះ ដោយបានជះផេះរហូតដល់១.០០០ម៉ែត្រទៅលើ។ នេះបើយោងតាមប្រតិបត្តិករប៉ុស្តិ៍សង្កេតភ្នំភ្លើងសេរេមុ។
ការផ្ទុះភ្នំភ្លើងដែលមានកម្ពស់ ៣.៦៧៦ម៉ែត្រមួយនេះបានកើតឡើងនៅចន្លោះម៉ោង ២:៣៨នាទីព្រឹកដល់ម៉ោង ៩:២៧នាទីព្រឹក (ម៉ោងក្នុងតំបន់) ជាមួយនឹងខ្យល់បក់ពីទិសនិរតី។
មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ បានព្រមានប្រជាជនឱ្យជៀសវាងសកម្មភាពក្នុងរង្វង់៣គីឡូម៉ែត្រជុំវិញភ្នំនោះ និង ៨គីឡូម៉ែត្រទៅភាគអាគ្នេយ៍។
ប្រជាជនក៏ត្រូវបានជំរុញឱ្យជៀសវាងប្រើទឹកទន្លេដែលមានប្រភពមកពីភ្នំសេរេមុ ព្រោះវាអាចរងផលប៉ះពាល់ដោយលំហូរសារធាតុភីរ៉ូក្លាស្ទិក(Pyroclastic) ដែលកំពុងកើនឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





