ខេត្តចំនួន៥ ចូលរួមប្រជុំផ្លាស់ប្ដូរបទពិសោធន៍ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- នៅសាលសន្និសីទសាលាខេត្តកំពង់ចាមមានរៀបចំកិច្ចប្រជុំដើម្បីផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពពីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្តាខេត្តចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តរតនគិរី ដើម្បីទទួលបទពិសោធន៍ពីខេត្តកំពង់ចាមជាខេត្តដែលទទួលបានចំណាត់ថ្នាក់លេខ១ ទាំង ១០៩ ឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព។

ថ្លែងក្នុងកិច្ចបទបង្ហាញ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងស្មារតីទទួលខុសត្រូវ យើងបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» សម្រេចទទួលបានលទ្ធផលជ័យលាភីលេខ ១ទាំង ១០៩ឃុំ-សង្កាត់ រយៈពេល២ឆ្នាំជាប់ៗគ្នាគឺ២០២៣ និង២០២៤នេះ។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាកត្តាធំៗចំនួន៥ ដែលធ្វើឱ្យយើងទទួលបានជោគជ័យរួមមាន៖ទី១. គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បានរៀបចំផែនការក្នុងការអនុវត្តការងារ រៀបចំផែនការសកម្មភាព លិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗ និងក្រុមការងារចុះមូលដ្ឋានឃុំ-សង្កាត់ បានត្រឹមត្រូវច្បាស់លាស់ និងអនុវត្តបានយ៉ាងម៉ឺងម៉ាត់។ ទី២. រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ ទី៣. កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច បានចូលរួមទប់ស្កាត់ និងបង្ក្រាប បទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទី៤. ការប្រតិបត្តិការរបស់សមត្ថកិច្ច បានបង្ក្រាបចំគោលដៅ ចំមេក្លោង ចំមុខសញ្ញា និងការត្រួតពិនិត្យរដ្ឋបាលចំហរ និងទី៥. រដ្ឋបាលខេត្តក៏បានដាក់ចេញចលនាប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដ៏មានសារៈសំខាន់ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ លើផ្នែកសេវាសង្គមសម្រាប់ឱ្យរដ្ឋបាលឃុំ-សង្កាត់ ជាការជំរុញលើកទឹកចិត្តដល់រដ្ឋបាល ឃុំ-សង្កាត់ក្នុងការខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានសម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។


ក្នុងឱកាសនោះ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាការជួបជុំគ្នានេះមានសារៈសំខាន់ណាស់ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកនូវបទពិសោធន៍ការងារអនុវត្ត និងផ្សព្វផ្សាយអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាលសហគមន៍បានល្អដែលខេត្តកំពង់ចាមដែលទទួលបានចំណាត់ថ្នាក់លេខ ១ គ្រប់ឃុំ សង្កាត់ទាំងអស់ ដល់ថ្នាក់ដឹកនាំរបស់ខេត្ត មានខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តរតនគិរី ដើម្បីយកទៅអនុវត្តនៅក្នុងខេត្តរបស់ខ្លួនឱ្យទទួលបានជោគជ័យ៕
ដោយ ឆាយ ម៉ុត





