ស្នងការខេត្តសៀមរាបដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងក្រុងស្រុកចំនួន១០ ក្នុងខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងមូលដ្ឋានក្រុងស្រុកចំនួន១០ រួមមានក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ស្រុកស្វាយលើ ស្រុកអង្គរធំ ស្រុកពួក ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកអង្គរជុំ។

លោកឧត្តមសេនីយ៍ទោស្នងការ បានឱ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់បានវាយប្រហារលើមូលដ្ឋានក្រុងស្រុកចំនួន១០ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១៧៨គ្រួសារ ដួលរលំបាក់ដើមឈើចំនួន៧១ដើម បានបណ្តាលឱ្យមានមនុស្សរងរបួស៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ រលំបាក់មែកឈើលើដងផ្លូវផងដែរ។

លោកឧត្តមសេនីយ៍ទោបានបន្តថា បន្ទាប់ពីមានគ្រោះធម្មជាតិនេះ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចេញប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ជាពិសេសការកាត់ដើមឈើដែលដួលរលំមកលើផ្លូវ ដើម្បីយកចេញឱ្យបានលឿន ដើម្បីអាចឱ្យបងប្អូនធ្វើចរាចរណ៍បានធម្មតាវិញ និងជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៧ ខែមីនានេះ។

លោកស្នងការបានបញ្ជាក់ថា ពេលប្រជាពលរដ្ឋជួបទុក្ខលំបាក កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងចុះទៅដល់គោលដៅភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
ដោយ ឃុត សៅ





