កងទ័ពអ៊ីស្រាអែល៖ យុទ្ធជនហេសបូឡាហ៍ ២នាក់បានស្លាប់ក្នុងការវាយប្រហារដោយយន្ដហោះគ្មានមនុស្សបើកនៅប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ -- យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីព្រឹកថ្ងៃអាទិត្យនៅភាគខាងត្បូង ប្រទេសលីបង់ ដោយបានសម្លាប់យុទ្ធជនហេសបូឡាហ៍យ៉ាងហោចណាស់ ២នាក់។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារសំដៅទៅលើអ្នកទាំងពីរនៅក្នុងទីប្រជុំជនតំបន់ Yater ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ពួកគេគឺជា «អ្នកឃ្លាំមើល» ដែលពាក់ព័ន្ធនឹងការដឹកនាំការវាយប្រហារនៅតំបន់ Yater និងតំបន់ Meiss El Jabal នៅភាគខាងត្បូងប្រទេសលីបង់។
រូបភាពដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយលីបង់ បានបង្ហាញថា រថយន្តមួយគ្រឿងបានឆេះទាំងស្រុង។ ទីភ្នាក់ងារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា សាកសពម្នាក់និងអ្នករបួសត្រូវបានគេរកឃើញពីរថយន្ត។ ទីភ្នាក់ងារនេះ បានរាយការណ៍ថា នៅក្នុងការវាយប្រហារមុនពេលព្រឹកព្រលឹម យន្តហោះគ្មានមនុស្សបើកបានបាញ់មីស៊ីលតម្រង់ទៅរថយន្តមួយនៅលើផ្លូវទៅកាន់តំបន់ Yater ក្នុងសង្កាត់ប៊ីនចេប៊ែល។
នេះគឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលនៅក្នុងការវាយប្រហារជាបន្តបន្ទាប់ដែលធ្វើឡើង ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយត្រូវបានចុះហត្ថលេខាក្នុងខែវិច្ឆិកា បន្ទាប់ពីការប្រយុទ្ធគ្នាឆ្លងព្រំដែនរយៈពេល ១៤ខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





