អ៊ីរ៉ាក់ និងតួកគី ពិភាក្សាអំពីអគ្គិសនី និងកិច្ចសហប្រតិបត្តិការថាមពល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក ហ្វូអេដ ហូសស៊ីន (Fuad Hussein) កាលពីថ្ងៃអាទិត្យបានជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិតួកគី លោក អាល់ប៉ាស្លាន បាយរ៉ាក់តារ (Alparslan Bayraktar) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេង។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ាក់ បានឱ្យដឹងថា មន្ត្រីទាំងពីរបានរិះរកវិធីដើម្បីលើកទឹកចិត្តក្រុមហ៊ុនតួកគីឱ្យវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ននៅក្នុងប្រទេសអ៊ីរ៉ាក់។
ពួកគេក៏បានពិភាក្សាអំពីសក្តានុពលសម្រាប់ប្រទេសតួកគីក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសអ៊ីរ៉ាក់ដើម្បីដោះស្រាយការខ្វះខាតតាមរដូវកាល និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនគម្រោងតភ្ជាប់ចរន្តអគ្គិសនីដោយបញ្ចប់ការត្រៀមលក្ខណៈបច្ចេកទេសចាំបាច់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ភាគីទាំងពីរបានយល់ព្រមបង្កើនចំនួនអគ្គិសនីទ្វេដងដែលប្រទេសតួកគីនឹងផ្តល់ដល់ប្រទេសអ៊ីរ៉ាក់ ហើយនឹងជួយបំពេញតម្រូវការថាមពលផ្នែកខ្លះនៃតំបន់ Kurdistan ពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់ និងទីក្រុងម៉ូស៊ូល។
លើសពីនេះ ពួកគេបានពិភាក្សាអំពីលទ្ធភាពនៃការនាំចូលឧស្ម័នពីប្រទេសតួកគី ដើម្បីបំពេញតម្រូវការរបស់រោងចក្រថាមពលរបស់ប្រទេសអ៊ីរ៉ាក់ និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នេះ។
កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានលុបចោលការលើកលែងរបស់ទីក្រុងបាកដាដក្នុងការទិញអគ្គិសនីពីប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកនៃយុទ្ធនាការ «សម្ពាធអតិបរមា» របស់ខ្លួនប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
ជម្លោះជាច្រើនទសវត្សរ៍បានធ្វើឱ្យប្រទេសអ៊ីរ៉ាក់ជួបបញ្ហាកង្វះអគ្គិសនីរ៉ាំរ៉ៃ។ ទោះបីជាមានទ្រព្យសម្បត្តិប្រេងក៏ដោយ ក៏ប្រទេសនេះនៅតែពឹងផ្អែកខ្លាំងលើការនាំចូលឧស្ម័នពីប្រទេសអ៊ីរ៉ង់ដើម្បីផ្តល់ថាមពលដល់បណ្តាញអគ្គិសនីរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





