ចិនអបអរសាទរប្រទេសតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនសូមអបអរសាទរចំពោះប្រទេសតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថានសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីព្រំដែនរដ្ឋរបស់ពួកគេ ។
អ្នកនាំពាក្យ លោកស្រី ម៉ៅ នីង (Mao Ning) បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ដោយឆ្លើយតបទៅនឹងរបាយការណ៍ដែលថា ប្រធានាធិបតីតាជីគីស្ថាន លោក អេម៉ូម៉ាលី រ៉ាហ៍ម៉ុន (Emomali Rahmon) និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀ ចាប៉ារ៉ូវ (Sadyr Japarov) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែនប្រទេសតាជីគីស្ថាន-កៀហ្ស៊ីស៊ីស្ថាន នៅទីក្រុង Bishkek ។
លោកស្រី ម៉ៅ បានមានប្រសាសន៍ថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការពិគ្រោះយោបល់ដោយសន្តិវិធី ហើយលោកស្រីបានបន្ថែមថា ការអភិវឌ្ឍនេះគឺជាអំណោយផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។
លោកស្រីបាននិយាយថា ក្នុងនាមជាអ្នកជិតខាងមិត្តភាព និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសចិនមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ដើម្បីពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ បង្កើនកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ និងរួមគ្នាកសាងសហគមន៍ចិន-អាស៊ីកណ្តាល ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





