អ្នកការទូតកំពូលកូរ៉េខាងជើងជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅទីក្រុងព្យុងយ៉ាង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ចូ សុនហ៊ុយ (Choe Son-hui) បានជួបជាមួយអ្នកការទូតជាន់ខ្ពស់រុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ចំពេលមានការចរចាសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក ចូ បានជួបជាមួយគណៈប្រតិភូរុស្ស៊ីដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក អានដ្រេ រូដេនកូ (Andrey Rudenko) កាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេបានមកដល់ប្រទេសនេះ។
ទីភ្នាក់ងារ KCNA បាននិយាយថា កិច្ចពិភាក្សានេះមានការចូលរួមដោយមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសកូរ៉េខាងជើង លោក អាឡេកសាន់ដឺ ម៉ាតសេហ្គោរ៉ា (Aleksandr Matsegora) ។ ទីភ្នាក់ងារមិនបានបញ្ជាក់បន្ថែមពីព័ត៌មានលម្អិតនោះទេ។
លោក រូដេនកូ ក៏បានជួបពិភាក្សាដាច់ដោយឡែកជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម ជុងយូ (Kim Jong-gyu) កាលពីថ្ងៃសៅរ៍ ហើយពួកគេបានឈានដល់ការឯកភាពគ្នាលើវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្របតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេ ដែលបានចុះហត្ថលេខាកាលពីខែមិថុនាកន្លងទៅ។ នេះបើយោងតាម KCNA ។
ដំណើរទស្សនកិច្ចរបស់លោក រូដេនកូ ទៅកាន់ទីក្រុងព្យុងយ៉ាងហាក់ដូចជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់សន្ធិសញ្ញាកាលពីឆ្នាំមុនដែលអំពាវនាវឱ្យមានជំនួយទៅវិញទៅមក ប្រសិនបើទាំងពីរត្រូវបានវាយប្រហារ។ មន្ត្រីទាំងពីរបានធ្វើជាតំណាងរដ្ឋាភិបាលសម្រាប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ។
កិច្ចពិភាក្សានេះក៏កើតឡើងបន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
មន្ត្រីរុស្ស៊ីប្រហែលជាបានពិភាក្សាលើសំណើនេះជាមួយសមភាគីកូរ៉េខាងជើង ដោយពិចារណាលើការដាក់ពង្រាយទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី និងអ្នកទោសសង្គ្រាមកូរ៉េខាងជើងដែលកាន់កាប់ដោយទីក្រុងគៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





