គណៈប្រតិភូបក្សកុម្មុយនិស្ដចិនធ្វើទស្សនកិច្ចនៅប៉ាណាម៉ា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ -- គណៈប្រតិភូនៃបក្សកុម្មុយនិស្តចិន (CPC) ដឹកនាំដោយ លោក ម៉ា ហ៊ុយ (Ma Hui) អនុរដ្ឋមន្ត្រីនៃនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការកណ្តាលបក្ស CPC បានទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ា បានជួបជាមួយមេដឹកនាំនៃគណបក្សនយោបាយធំៗរបស់ប្រទេសប៉ាណាម៉ា និងបានផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញ។
លោក ម៉ា បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរជាមួយគណបក្សនយោបាយប៉ាណាម៉ា និងក្រុមអ្នកជំនាញ បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងការគាំទ្រសាធារណៈសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងប៉ាណាម៉ា។
ទន្ទឹមនឹងនោះ ភាគីប៉ាណាម៉ាបានសម្តែងនូវឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសទាំងពីរ បង្កើតការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងមិត្តភាពរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





