អ្នកជំនាញការអង្គការអាដហុកជួបពិភាក្សាអំពីការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ -- អ្នកជំនាញការអង្គការអាដហុក ICC-PV និងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានជួបពិភាក្សាការងារ ពិនិត្យវឌ្ឍនភាពការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិព្រះវិហារ។

នៅក្នុងជួបពិភាក្សាគ្នានៅរមណីយដ្ឋានប្រាសាទព្រះវិហារនោះ បានផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទឹកលើភ្នំប្រាសាទព្រះវិហារ ការងារអភិរក្សស្ពានហាលខាងលិចគោបុរៈទី៥ ការងារអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ការងារជួសជុលគោបុរៈទី៥ និងការងារសិក្សាប្រព័ន្ធបង្ហូរទឹក និងរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤។
ដោយឡែក នៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រុមអ្នកជំនាញការអន្តរជាតិបានពិនិត្យទៅលើការងារការអភិរក្សប្រាសាទគោកគ្រង ប្រាសាទដំរី ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហម បរិវេណប្រាសាទធំ និងប្រាសាទប្រាំ៕



ដោយ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





