ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១
AKP បន្ទាយមានជ័យថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីមូលដ្ឋានជាច្រើនរូប នៅសាលប្រជុំសាលាស្រុក នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់ត្រីមាសបន្តទៀត។
ឯកឧត្តម គង់ ច័ន្ទវាសនា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពដែលបានកំណត់ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។


ឯកឧត្តមបានគូសបញ្ជាក់យើងត្រូវរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម ក៏បានជំរុញបន្ថែមដល់រដ្ឋបាលស្រុកឃុំ ទាំងអស់បន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសន្តិភាពស្ថិរភាព នយោបាយការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងស្រុកបានទទួលលទ្ធផលល្អប្រសើរគួជាទីមោទនយ៉ាងក្រៃលែង។

ក្នុងឱកាសនោះដែរលោក ហឿន វីរៈអភិបាលស្រុកព្រះនេត្រព្រះ បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា នៅក្នុងស្រុកព្រះនេត្រព្រះ និងបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះ។ លោកបានប្តេជ្ញាបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងនោះ និងពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរថែមទៀត៕
ដោយ៖ ឈុន សារ៉ាត





