ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានសាងសង់ផ្លូវបេតុង ៣ខ្សែនៅស្រុកខ្សាច់កណ្ដាល
AKP កណ្តាល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងចំនួន ៣ខ្សែ ប្រវែង ២.១៧២ម៉ែត្រ ដោយខ្សែទី១ ប្រវែង ៨៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ខ្សែទី២ មានប្រវែង ៣៣៧ម៉ែត្រ និងខ្សែទី៣ មានប្រវែង ១.១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ទៅភូមិថ្មី ឃុំសន្លុង ភូមិទួលពង្រ ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំងហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


ឯកឧត្តមបណ្ឌិត នួន ដាញុិល បានមានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក ជាពិសេសនៅរដូវវស្សាដោយសារផ្លូវនេះមានជង្ហុក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរសម្រាប់សិស្សានុសិស្សទៅសាលារៀន ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះ។

ការសាងសង់ផ្លូវបេតុងនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសផ្លូវបេតុងនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយនៅក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្មើដល់កងវិស្វកម្មលេខ១៨៤ ស្ពាន ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសដោយធានាថា ផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ ជាពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





