ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញពិនិត្យទីតាំងគម្រោងវិនិយោគរោងចក្រកែច្នៃថ្មម៉ាប
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងវិនិយោគរោងចក្រកែច្នៃថ្មម៉ាប ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥។
ក្រុមហ៊ុនបានជម្រាបជូនឯកឧត្តមអភិបាលខេត្តថា ជំហានដំបូង ក្រុមហ៊ុនសាងសង់រោងចក្រកែច្នៃថ្មម៉ាបចំនួន ៦អគារ ដែលត្រូវការកម្លាំងពលកម្មចូលបម្រើការងារចំនួន ៣០០នាក់ និងលើកទីពីរចំនួន ៦អគារបន្ថែមទៀត និងឃ្លាំងចំនួនមួយនៅលើផ្ទៃដី ២២ម៉ឺនម៉ែត្រក្រឡា។ វត្ថុធាតុដើមថ្មម៉ាប គឺជារបស់កម្ពុជាដែលនាំមកពីខេត្តក្រចេះ និងខេត្តមួយចំនួនទៀត ហើយចំពោះលទ្ធផលសម្រេចដែលកែច្នៃរួច ក្រុមហ៊ុននឹងធ្វើការលក់នៅក្នុងស្រុក និងធ្វើការនាំចេញទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប។


ក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានស្មើសុំឱ្យឯកឧត្តមអភិបាលខេត្តជួយសម្របសម្រួលពន្លឿនឯកសារសាងសង់ និងសុំបើកទ្រូងផ្លូវជាតិលេខ៤ ចូលមករោងចក្រ។ ប្រសិនបើដំណើរការរលូនតាមផែនការ ក្រុមហ៊ុននឹងចាប់ផ្តើមដំឡើងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ហើយចំពោះកម្មករក៏ត្រូវជ្រើសរើសនៅក្នុងខែកក្កដាដែរ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនក៏មានធ្វើការបណ្តុះបណ្តាលបច្ចេកទេសដល់កម្មករឱ្យមានជំនាញបច្ចេកទេសក្នុងចង្វាក់ផលិតកម្មកែច្នៃថ្មម៉ាបផងដែរ ។


ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានគាំទ្រ និងជួយសម្របសម្រួលគម្រោង កែច្នៃរបស់រោងចក្រផលិតថ្មម៉ាប ព្រមទាំងបានធ្វើការណែនាំទៅដល់ក្រុមការងារបច្ចេកទេសវិនិយោគខេត្តឱ្យត្រូវសហការជាមួយក្រុមហ៊ុន និងពិនិត្យលើឯកសារដើម្បីពន្លឿនដំណើរការនាំចូលគ្រឿងបង្គំដំឡើងរោងចក្រកែច្នៃថ្មម៉ាបនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ដោយ៖ ងូ សុមុនី





