អភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងក្នុងសង្កាត់លេខ១
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ និងចៅសង្កាត់ ចុះពីនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងអាមេ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុងឱ្យត្រូវសាងសង់ផ្លូវឱ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ មានគុណភាព ចាប់ពីគ្រឹះដំបូងរហូតដល់ក្រាលឆ្អឹងដែក និងឈានទៅដល់ចាក់បេតុង ដើម្បីធានាបម្រើឱ្យការប្រើប្រាស់បានយូរអង្វែង ព្រោះខ្សែផ្លូវបេតុងនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្នុងការសម្រួលចរាចរណ៍ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋបានកាន់តែងាយស្រួល ព្រោះបើយើងមានផ្លូវ គឺយើងមានសង្ឃឹមក្នុងការធ្វើដំណើរកាន់តែមានភាពងាយស្រួលសម្រាប់កូនចៅរបស់យើងទៅកាន់ទីប្រជុំជន សាលារៀន។


ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅអមសងខាងផ្លុវបេតុង សូមចូលរួមសហការជួយសម្របសម្រួលជាមួយក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុង ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ផ្លូវបេតុងរបស់យើងបានលឿន ឆាប់រួចរាល់ ដើម្បីធ្វើដំណើរចេញចូលផ្ទះ និងភូមិរបស់យើងបានងាយស្រួល ហើយផ្លូវបេតុងនេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅឆ្នាំ២០២៥ នេះសម្រាប់ប្រជាពលរដ្ឋភូមិ១ សង្កាត់លេខ១ របស់យើង មុនពេលចូលឆ្នាំប្រពៃណីខ្មែរ ហើយផ្លូវបេតុងនេះនឹងបើកឱ្យដំណើរការធ្វើចរាចរណ៍ដើម្បីកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរដើលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ។


ដោយឡែក លោក ឌី ដុំ ប្រធានភូមិ១ សង្កាត់លេខ១ បានថ្លែងអំណគុណដល់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានដាក់ចេញនូវគម្រោងអាទិភាពសាងសង់ស្តារផ្លូវនេះឡើងវិញ ដោយសារផ្លូវនេះកាលពីដើមពិបាកក្នុងការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយប្រជាពលរដ្ឋដែលមានលំនៅឋាននៅតំបន់នេះ មានសេចក្តីរីករាយ និងត្រេកអរជាអនេកដែលរដ្ឋបាលខេត្តព្រះសីហនុបានជួយសាងសង់ផ្លូវបេតុងនេះឡើង។ ក្នុងនាមមេភូមិតំណាងឱ្យប្រជាពលរដ្ឋចំនួន ២.២៤៨គ្រួសារ សូមថ្លែងអំណគុណដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានលើកគម្រោងអាទិភាពសាងសង់ផ្លូវបេតុងតាមគោលការណ៍អភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចុះមកដល់ទីតាំងប្រជាពលរដ្ឋដោយផ្ទាល់៕
ដោយ៖ ងូ សុមុនី





