បិទមហាសន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តសៀមរាប
AKPសៀមរាបថ្ងៃទី១៥មិនាឆ្នាំ២០២៥៖ បិទមហាសន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តសៀមរាប ក្រោមអធិប តីភាព ឯកឧត្តម តោ គឹមស៊ាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប។
មហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តសៀមរាប ដែលបានបើកដំណើរការពេញមួយថ្ងៃ នៅថ្ងៃ១រោចខែផល្គុនឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ខែមិនាឆ្នាំ២០២៥នោះ ត្រូវបានបិទនៅរសៀលថ្ងៃដដែល ក្រោមអធិប តីភាព ឯកឧត្តម តោ គឹមស៊ាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងលោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុង ស្រុកទាំង១៣នៃខេត្តសៀមរាប អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, ប្រតិភូពេញសិទ្ធិ នៃមហាសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ប្រមាណជា៣០០នាក់ចូលរួម។

មហាសន្និបាតអាណត្តិទី៤នោះ បានអនុម័តទៅលើរបាយការណ៍សកម្មភាព និងថវិការបស់សមាគមរយៈពេល៥ឆ្នាំ(២០២០.២០២៤)។ អនុម័តលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តសៀមរាប ព្រមទាំងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាសមាគមខេត្ត ដែលមានបេក្ខជនចំនួន៧រូប និងការបោះឆ្នោតជើ្រសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម និងកិច្ចប្រជុំលើកទី១នៃអាណត្តិទី៤ ព្រមទាំងអនុម័តផែនការយុទ្ធសាស្ត្ររបស់សមាគមរយៈពេល៥ឆ្នាំ(២០២៥ ២០២៩) និងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៥ និងការអនុម័តប្រតិភូសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ/សង្កាត់ ចូលរួមក្នុងអង្គអភិបាលកិច្ចរបស់សម្ព័ន្ធភាពជាតិ។

មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាទនោះ លោក ឌី រ៉ាដូ បានសំដែងនូវការអបអរសាទរចំពោះ លោក លោកស្រី ដែលត្រូវបានមហាសន្និបាតបោះឆ្នោតផ្តល់ការទុកចិត្តជា ប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ក្នុងការបន្តចីរភាពដល់សមាគមមួយដែលតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តសៀមរាបទាំងមូល ដែលត្រូវបានបង្កើតឡើងក្នុងបំណងលើកកម្ពស់ឋានៈ និងការអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិក និងការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក។

លោកអភិបាលរងខេត្តរួបនោះ បានផ្តល់ជាមតិផ្តាំផ្ញើមួយចំនួន ដោយសូមអោយសមាគមត្រូវអនុវត្តតាមនិងតម្កល់ទុកនូវលក្ខន្តិកៈ របស់ខ្លួននៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ទី២ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ត្រូវបង់ប្រាក់សមាជិកភាពប្រចាំខែនៃថវិកាផ្នែករដ្ឋបាលដោយដកចេញបន្ទុកបុគ្គលិក(គណនីឧបត្ថម្ភដល់អង្គការមូលដ្ឋាន និងគាំទ្រកម្មវិធីផ្សេងៗ ដែលមានលេខសម្គាល់៦២០៤១) ជូនសមាគមឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមខ្លឹមសារ លិខិតលេខ ០៥៤ សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ របស់ គ.ជ.អ.ប ។ ហើយក្នុងចំណុចនេះ លោកបានស្នើឲ្យរតនាគារខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មេត្តាសហការនិងជួយសម្រួលដល់ការបង់ប្រាក់សមាជិកភាព ជូនសមាគម ឲ្យបានទៀងទាត់និងគ្រប់ចំនួន ស្របតាមលិខិតបទដ្ឋាននេះ ។ ទី៣សមា គមត្រូវប្រើប្រាស់ថវិកាប្រាក់សមាជិកភាព ប្រកបដោយតម្លាភាព ព្រោះជាប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ ទី៤សមាគមត្រូវផ្សព្វផ្សាយនិងពង្រឹងការអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០១៥ ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណតម្លៃរបស់សមាជិកក្រុមប្រឹក្សា។ ទី៥សមាគមត្រូវយកចិត្តទុកដាក់ផ្តល់សេវាដល់សមាជិកស្របតាមគោលបំណង ទិសដៅ និងផែនការ យុទ្ធសាស្ត្ររបស់ខ្លួន។ លោកអភិបាលរងខេត្តបន្តទៀតថា ការចូលរួមពិភាក្សានិងផ្តល់មតិយោបល់នៅក្នុងមហាសន្និបាតនេះ ក្នុងគោលបំណងកែលម្អរលក្ខន្តកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមឲ្យកាន់តែប្រសើរ។ លោកសង្ឃឹមថា ការគាំទ្រនិងការសហការ នឹងនៅមានជាបន្តទៀតជាមួយសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ/សង្កាត់ នៃខេត្តសៀមរាប៕
ហង្ស សៀក AKP សៀមរាប





