ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិត្រូវបានបើកផ្ដល់ជូនយោធិនចូលនិវត្តន៍ឆ្នាំ២០២៤
AKP កំពង់ធំ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ -- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគ៤ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិជូនយោធិនចូលនិវត្តន៍សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈ បង្កស្លាប់ បាត់ខ្លួន និងសោធននិវត្តន៍នៃក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្ដែងការស្វាគមន៍ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន និងគណៈប្រតិភូអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈ បង្កស្លាប់ បាត់ខ្លួន និងសោធននិវត្តន៍ និងបានធ្វើរបាយការណ៍សង្ខេបអំពីចំនួនយោធិន ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៤ និងការដោះស្រាយគោលនយោបាយនានារបស់អង្គភាពមានជាអាទិ៍ ការអប់រំសតិអារម្មណ៍ លើកទឹកចិត្ត និងការណែនាំមួយចំនួនក្នុងការសម្របសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មុនពេលបែកគ្នាទៅកាន់មូលដ្ឋានក្នុងជីវភាពជាជនស៊ីវិលហើយកន្លងមកអង្គភាពក៏បានដោះស្រាយនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនតាមលទ្ធភាពដែលអង្គភាពមាន។

ជាមួយគ្នានោះដែរ យោធិនចូលនិវត្តន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក៏បានទទួលការបំពាក់ឋានន្តរសក្កិមួយថ្នាក់ និងទទួលបានថវិកាឧបត្ថម្ភមួយចំនួនផងដែរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមកហើយ។
ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ក្នុងការបម្រើអង្គភាព ពិសេសបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ និងបានអំពាវនាវដល់យោធិនចូលនិវត្តន៍ទាំងអស់នៅក្នុងពិធីនេះត្រូវទៅដាក់ពាក្យចុះឈ្មោះសុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីសមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានបញ្ជាក់ជូនអំពីការដោះស្រាយប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភជូនដល់យោធិនចូលនិវត្តន៍របស់យើងនៅពេលនេះ គឺជាការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្នុងឱកាសទទួលបានប្រាក់គោលនយោបាយនេះ សូមបងប្អូនចាត់ចែងយកថវិកានេះដើម្បីប្រកបមុខរបររកទទួលទាន ដោយសុចរិតទៀងត្រង់ និងចូលរួមអនុវត្តឱ្យបានល្អតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាននីមួយៗ រួមចំណែកថែរក្សាឱ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





