អ្នកដំណើរ ២១នាក់ ទាហាន ៤នាក់ និងភេរវករ ៣៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើរថភ្លើងដ៏សាហាវរបស់ប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ -- សារព័ត៌មាន Inter-Services Public Relations (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរចំនួន ២១នាក់ទាហាន ៤នាក់ និងភេរវករ ៣៣នាក់ត្រូវបានសម្លាប់បន្ទាប់ពីភេរវករប្រដាប់ដោយអាវុធបានវាយប្រហារយ៉ាងខ្លាំងក្លាលើរថភ្លើងដឹកអ្នកដំណើរ និងចាប់ចំណាប់ខ្មាំងជាច្រើននាក់នៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីរបស់ប្រទេសនេះ។
សារព័ត៌មាន ISPR បាននិយាយថា រថភ្លើង Jaffar Express ដែលធ្វើដំណើរពីទីក្រុង Quetta ក្នុងខេត្តបាឡូជីស្ថាន ទៅកាន់ទីក្រុង Peshawar ភាគពាយ័ព្យ ត្រូវបានវាយប្រហារដោយភេរវករនៅជិតស្រុកស៊ីបប៊ីដោយសារព័ត៌មានបានបន្ថែមថា បន្ទាប់ពីបំផ្ទុះផ្លូវរថភ្លើងរួច ភេរវករ បានគ្រប់គ្រងរថភ្លើង និងចាប់អ្នកដំណើរជាចំណាប់ខ្មាំង រួមទាំងស្ត្រី និងកុមារដោយប្រើជាខែលការពារមនុស្ស។
សារព័ត៌មាន ISPR បាននិយាយថា កងកម្លាំងសន្តិសុខបានឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍ ដោយបានសម្លាប់ភេរវករទាំង ៣៣នាក់ដោយជោគជ័យ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈពេលដែលជួយសង្គ្រោះចំណាប់ខ្មាំងតាមដំណាក់កាល។
សារព័ត៌មាន ISPR បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលនៃការប្រឈមមុខគ្នាខ្លាំង ភេរវករបានសម្លាប់ជីវិតអ្នកដំណើរស្លូតត្រង់ចំនួន ២១នាក់ ដោយសារព័ត៌មានបានបន្ថែមថា ទាហាន ៤នាក់ក៏បានបាត់បង់ជីវិតក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនឹងភេរវករផងដែរ។
ប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) និងនាយករដ្ឋមន្ត្រី លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះហើយលោកបានសម្តែងនូវទុក្ខសោកយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជនស៊ីវិល និងបុគ្គលិកសន្តិសុខ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេដឹកនាំទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





