ស្លាប់ ១០នាក់ និងរបួស ២៣នាក់ក្នុងការវាយប្រហារដោយកម្លាំងយោធាប៉ារ៉ានៅស៊ូដង់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ -- កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) បាននិយាយថា យ៉ាងហោចណាស់ មនុស្ស ១០នាក់បានស្លាប់និង២៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ទៅលើសង្កាត់លំនៅដ្ឋាន និងមជ្ឈមណ្ឌលជម្រកមួយក្នុងទីក្រុងអេលហ្វាសឺ រដ្ឋណសដារហ្វ័រ ភាគខាងលិចប្រទេសស៊ូដង់។
កងពលធំថ្មើរជើងទី៦ របស់កងកម្លាំង SAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងការកើនឡើងថ្មីនៃឧក្រិដ្ឋកម្មរបស់ពួកគេប្រឆាំងនឹងជនស៊ីវិល កងជីវពលឧទ្ទាមបានបាញ់ផ្លោងសង្កាត់នានាក្នុងទីក្រុងអេលហ្វាសឺ និងមជ្ឈមណ្ឌលមួយដែលមានកាំភ្លើងធំប្រភេទ ៣៧ ១២០មីលីម៉ែត្រ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ការវាយប្រហារនេះបានបណ្តាលឲ្យជនស៊ីវិល ១០ នាក់ស្លាប់ រួមទាំងក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ និងបានបណ្តាលឲ្យមនុស្ស ២៣នាក់ផ្សេងទៀតរងរបួស ខ្លះរបួសធ្ងន់ធ្ងរដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល»។
យោងតាមទិន្នន័យពីទីតាំងជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍ជាក្រុមឃ្លាំមើលវិបត្តិដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រទេសស៊ូដង់បានជាប់គាំងដោយជម្លោះដ៏សាហាវរវាងកងកម្លាំង SAF និងកងកម្លាំង RSF ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៩.៦៨៣នាក់។
ជម្លោះនេះក៏បានជម្លៀសប្រជាជនជាង ១៥លាននាក់ទាំងក្នុង និងក្រៅប្រទេសស៊ូដង់។ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





