ប្រធានាធិបតីតាជីគីស្ថានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ -- យោងតាមសេវាសារព័ត៌មានរបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានឱ្យដឹងថា ប្រធានាធិបតីតាជីគីស្ថាន លោក អេម៉ូម៉ាលី រ៉ាហ៍ម៉ុន (Emomali Rahmon) បានមកដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ លោក រ៉ាហ៍ម៉ុនត្រូវបានសា្វគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Manas ក្នុងទីក្រុង Bishkek ដោយប្រធានាធិបតី កៀហ្ស៊ីស៊ីស្ថាន លោក សាឌៀ ចាប៉ារ៉ូវ (Sadyr Japarov) ។
សេវាសារព័ត៌មានបានកត់សម្គាល់ថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ មេដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាលើបញ្ហាជាច្រើនដែលមានចំណាប់អារម្មណ៍ និងទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកសារទ្វេភាគីមួយចំនួននឹងត្រូវបានចុះហត្ថលេខា។
ប្រធាននាយកដ្ឋានគោលនយោបាយការបរទេសនៃរដ្ឋបាលប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក មូរ៉ាត់ប៊េក អាហ្សីមបាគៀវ (Muratbek Azymbakiev) បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រ៉ាហ៍ម៉ុន កិច្ចព្រមព្រៀងរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាននៅតាមព្រំដែនត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខា។
មុននោះ នាថ្ងៃទី២១ ខែកុម្ភៈ ពិធីសារចុងក្រោយស្តីពីព្រំដែនត្រូវបានចុះហត្ថលេខានៅទីក្រុង Bishkek បន្ទាប់ពីកិច្ចប្រជុំរួមនៃគណៈប្រតិភូរដ្ឋាភិបាលនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ស្តីពីការកំណត់ និងការបោះបង្គោលព្រំដែន។ នៅក្នុងកិច្ចប្រជុំនោះ ភាគីនានាបានចាប់ផ្តើមគម្រោងមួយចំនួន រួមមានកិច្ចព្រមព្រៀងស្តីពីព្រំដែនកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន កិច្ចព្រមព្រៀងស្តីពីការសាងសង់ និងការប្រើប្រាស់ផ្លូវហាយវេការរៀបចំសម្រាប់ការប្រើប្រាស់ផ្លូវប្រសព្វនឹងផ្លូវហាយវេ និងកិច្ចព្រមព្រៀងស្តីពីការធានាលទ្ធភាពទទួលបានការគ្រប់គ្រងទឹក និងបរិក្ខារថាមពល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





