សម្រស់ដ៏ស្រស់ត្រកាលនៃសួនសុបិន កោះច្រែង ស្រុកចិត្របុរី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥--សួនសុបិនកោះច្រែង មានទេសភាពស្អាតប្លែកមិនចាញ់នៅបរទេសប៉ុន្មានឡើយ សួនសុបិនកោះច្រែង ស្ថិតនៅឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានទីតាំងនៅជាប់កំពង់ចម្លងសួនសុបិនកោះច្រែងតែម្តង និងមានចម្ងាយ២០០ម៉ែត្រពីវត្តបុសលាវ ។

កោះច្រែងជារមណីយដ្ឋានកែច្នៃមួយទើបបង្កើតថ្មី មានកន្លែងកម្សាន្តចម្រុះ ទាក់ទាញទេសចរឆ្ងាយជិតទៅកម្សាន្តឥតដាច់។ សួនសុបិន្តកោះច្រែងជាគោលដៅអេកូទេសចណ៍ដ៏មានសក្តានុពលថ្មីមួយផ្សេងទៀត នៅខេត្តក្រចេះ ក្រៅពីតំបន់អេកូទេសចរណ៍ អន្លង់ផ្សោតកាំពី កោះព្រហ្មចារី កោះទ្រង់ជាដើមដែលមានស្រាប់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលលេងខេត្តក្រចេះ កាន់តែច្រើន ជាពិសេសនាឱកាសថ្ងៃបុណ្យជាតិម្តងៗ។

ទោះបីរមណីយដ្ឋានទេសចរណ៍នេះមិនទាន់បានចុះបញ្ជីជាផ្លូវការនៅមន្ទីរទេសចរណ៍ខេត្តក្រចេះក៏ដោយ ប៉ុន្តែទីតាំងនេះបានក្លាយជាកន្លែងលំហែមួយដ៏ពេញនិយមសម្រាប់អ្នកខេត្តក្រចេះ ក៏ដូចជាភ្ញៀវទេសចរមកពីខេត្តផ្សេងៗ និងរាជធានីភ្នំពេញ៕



ដោយ ណយ នឿន (ប្រភព៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ)





