វគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំតម្រង់ទិសវិជ្ជាជីវៈនៅវិទ្យាល័យបរកែវ ស្រុកបរកែវ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ» នៅវិទ្យាល័យបរកែវ ស្រុកបរកែវ ខេត្តរតនគិរី។

គោលបំណងនៃការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃអន្ដរាគមន៍គាំទ្រដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ដើម្បីផ្ដល់មូលដ្ឋានក្នុងការស្វែងយល់ពីខ្លួនឯង និងព័ត៌មានទីផ្សារការងារ ក៏ដូចជាការវិវត្តផ្នែកសេដ្ឋកិច្ច សង្គម ដែលជះឥទ្ធិពលដល់តម្រូវការជំនាញនៃកម្លាំងពលកម្មកម្ពុជាយើង ដើម្បីត្រួសត្រាយបង្ហាញផ្លូវដល់ពួកគេឱ្យទទួលបានព័ត៌មាន និងមានលទ្ធភាពពេញលេញក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ផែនការអាជីព ជាពិសេសសំដៅដល់ការគាំទ្រក្នុងការជ្រើសរើសមុខជំនាញបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា នាពេលខាងមុខ ប្រកបដោយភាពប្រាកដនិយម ។

ក្នុងវគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី និងសហការចូលរួមពីសាលកវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ជូនដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ សរុប ៣៥៩ នាក់៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





