ឯកឧត្តម ខេង សុមេធ ចុះពិនិត្យសំណង់ទ្វារទឹកព្រែកតាយី ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ
AKP កំពង់ចាម ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងមន្ត្រីជំនាញពាក់ពន្ធ័ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចុះទៅពិនិត្យសំណង់ទ្វារទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដើម្បីត្រៀមបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែមីនាខាងមុខនេះ។

ក្នុងដំណើរចុះពិនិត្យទីតាំងសាងសង់សំណង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចា បានបញ្ជាក់ឱ្យដឹងថា សំណង់ទ្វារទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ អាចស្តុកទឹកប្រមាណជាង ៤០ម៉ឺនម៉ែត្រគូប មានលទ្ធភាពស្រោចស្រពដំណាំស្រូវប្រាំង បានចំនួន ៤៣៤ហិកតា រួមនឹងដំណាំរួមផ្សំផ្សេងៗបានជាច្រើនហិកតាផងដែរ។ ទំនប់នេះអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើភូមិ ចំនួន៤ និងមានប្រជាពលរដ្ឋចំនួន ១.៦៤៥គ្រួសារ ក្នុងឃុំពាមកោះស្នាស្រុក ស្ទឹងត្រង់ខេត្ត កំពង់ចាមទទួលបានផលប្រយោជន៍ពីទំនប់ និងទ្វារទឹកនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា បន្ទាប់ពីសាងសង់សំណង់ទ្វារទឹកនេះរួច លទ្ធផលដំបូងដែលប្រជាពលរដ្ឋទទួលបាន គឺការការពារធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន មានទឹក គ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផលកសិកម្មនៅដើមរដូវ និងចុងរដូវ បង្កើនរដូវ ដាំដុះដំណាំកសិកម្ម កំណើនទិន្នផលកសិកម្ម បង្កើនការចិញ្ចឹមសត្វ បង្កើនមុខរបរលក់ដូរក្នុងតំបន់ កសិករដែលស្ថិតនៅក្នុងតំបន់អនុវត្តតម្រោងទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន ហើយក៏ជាកន្លែងសម្រាប់កម្សាន្តផងដែរ៕

ដោយ ឆាយ ម៉ុត





