រដ្ឋបាលខេត្តកណ្តាល បិទផ្សាយជាសាធារណៈ ទិន្នន័យក្បាលដី ចំនួន១៧ភូមិ ក្នុងឃុំលំហាច ស្រុកអង្គស្នួល
AKP កណ្ដាល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានធ្វើការបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីចំនួន ១៧ភូមិ គឺភូមិកន្តោតុ ភូមិលំហាច ភូមិកណ្តោស ភូមិត្រពាំងនំ ភូមិព្រៃទទឹង ភូមិព្រៃក្រឡាញ់ ភូមិលាក់កូប ភូមិអណ្តូងទឹក ភូមិទំនប់សាប ភូមិព្រៃចំការ ភូមិព្រៃគោ ភូមិជើងអក ភូមិសេកពង ភូមិពន្លឺ ភូមិតារ័ត្ន ភូមិសុខាភិរម្យ និងភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ដែលមានចំនួន ៨ ៤០២ក្បាលដី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងដាក់ពាក្យប្តឹងតវ៉ាផ្សេងៗ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិជូន ។

ថ្លែងក្នុងឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ គឺសំដៅបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើ ការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយ អភិវឌ្ឍជនបទ សំដៅបង្កើតឱកាសឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ដូច្នេះការបិទផ្សាយនៅពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវពិតប្រាកដ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រវក្នុងរយៈពេល ១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោយពីថ្ងៃប្រកាសបិទផ្សាយនេះក្នុងរយៈពេល១៥ ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី និងនៅប្រចាំ ការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំង ឡាយ និងទទួលពាក្យបណ្ដឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។


លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បានគូសបញ្ជាក់ថា លទ្ធផលដែលសម្រេចបាននាពេលនេះគឺដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ទើបក្រុមការងារសុរិយោដីខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំប្រឹងប្រែងការងារចុះបញ្ជីនេះបានយ៉ាងរលូន ។ សមិទ្ធិផលជាច្រើនដែលសម្រេចបានគឺសុទ្ធសឹងតែកើតឡើងដោយក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។
សូមបញ្ជាក់ផងដែរថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ១៧ភូមិ ក្នុងឃុំលំហាច ស្រុកអង្គស្នួល មានចំនួន ៨ ៤០២ក្បាលដី ហើយនេះជាការបិទផ្សាយលើកទី៤៣ សម្រាប់ស្រុកអង្គស្នួល និងជាលើទី២៦៩សម្រាប់ខេត្តកណ្តាល ទាំងមូល ៕
ដោយ៖ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





