សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលប្រើពេលជាង៤០ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលប្រើពេលជាង៤០ឆ្នាំទើប ទទួលផលដូចថ្ងៃនេះ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ សម្ដេចតេជោបានសរសេរថា ពេជ្រកំពុងច្នៃ និងពេជ្រកែច្នៃរួច និងកំពុងរក្សាទុក ឬនិយាយមួយបែបគឺ ដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត។ សម្ដេចតេជោលើកឡើងថា រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើប ទទួលផលដូចថ្ងៃនេះ។ សម្ដេចតេជោបន្តថា ទោះពួកកូនជាកូននាយករដ្ឋមន្ត្រី តែពួកកូនមិនមានម៉ូតូ ឬឡានជិះទេ ពួកកូនត្រូវដើរទៅរៀន ព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះ ព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលឆ្ងាយជាងគេបន្តិច។ សម្ដេចតេជោគូសបញ្ជាក់ថា ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡាន ឬម៉ូតូឱ្យកូនជិះ តែពុកចង់ឱ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។ ពេលកូនណាមួយមានកំហុស ពួកកូនត្រូវជាប់វិនយទាំងអស់គ្នា ដោយអង្គុយអានសៀវភៅទាំងអស់គ្នា ព្រោះពុកចង់ឱ្យពួកកូនចេះជួយដាស់តឿនគ្នា សាមគ្គីគ្នាដើម្បីចៀសវាងជាប់វិន័យទាំងអស់គ្នា។ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹក ដែលពុកចាំជាងគេនៅបារាំងសម្រាប់ ម៉ានិត ម៉ានី ម៉ាលី គឺ (ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បងណាហ្រ្គា និងសុខហ៊ា និងចាយលុយលើស 100 France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។



សម្ដេចតេជោបានបន្ដទៀតថា ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាម៉េរិកដែល មានម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើកលែងតែម៉ាណែត ពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ៥០០ម៉ែត្រ ត្រូវសុំអ៊ុចាយលុយលើស៥០ដុល្លារត្រូវសុំពីអ៊ុ)ទាំងនៅ បារាំងទាំងនៅអាម៉េរិក សុទ្ធមានការកំណត់ម៉ោងត្រូវចូលគេង និងត្រូវបិទភ្លើងបិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ ដើម្បីសន្សំសំចៃភ្លើង។ សម្ដេចតេជោបានបន្ថែមថា ពុកម៉ែសូមអរគុណកូនៗដែលជាង២០ឆ្នាំមុន បាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ ឮម៉ានិត និយាយថាប្រាប់ទាំងអស់គ្នាថា (ពុកម៉ែតឹងតែងចំពោះពួកយើង គឺចង់ឱ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធ មានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារបម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅទៀត។



ជាមួយគ្នានេះ សម្ដេចតេជោបានឱ្យដឹងទៀតថា ពុកម៉ែចង់ឱ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែ តាមរបៀបពុកម៉ែតទៅទៀតពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សិលធម៌ ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែជាចៅល្អហើយ តែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕
ដោយ៖ ជឹម ណារី





