សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងឈានដល់ដំណោះស្រាយ រហូតដល់បញ្ចប់សង្គ្រាមបានឆាប់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្ររាជាណាចក្រកម្ពុជា សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងឈានដល់ដំណោះស្រាយ រហូតដល់បញ្ចប់សង្គ្រាមបានឆាប់ ដែលជំហររបស់សម្ដេចតេជោកន្លងមកតែងតែលើកឡើថា មានតែការចរចាតែប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមបាន មិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមបានទេ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្ររាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតរុស្ស៊ី និងពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ដែលជាទំនាក់ទំនងយូអង្វែង ហើយនៅក្នុងអាណត្តិដែលឯកឧត្តម Anatoly Borovik បំពេញការងារការទូតនេះ បានរួមចំណែកធ្វើឱ្យប្រទេសទាំងពីរកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏បានអរគុណចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានលើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលនេះគឺជាការរួមចំណែក ជាគុណតម្លៃដែលកម្ពុជាមិនអាចបភ្លេចបាន តាំងពីអតីតសហភាពសូវៀត បានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់ប្រទេសកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សបម្រើការការងារក្នុងស្ថាប័នសំខាន់ៗ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សម្ដេចតេជោ ក៏បានបញ្ជាក់អំពីទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរ គឺធ្វើយ៉ាងណាជំរុញនូវការខិតខំប្រឹងប្រែងឱ្យមានភាពល្អប្រសើរ។

ពាក់ព័ន្ធនឹងបញ្ហាគណបក្ស សម្ដេចតេជោ បានជំរុញឱ្យមានការភ្ជាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយមានបំណងចង់អញ្ជើញប្រធានគណបក្សកាន់អំណាចរបស់រុស្ស៊ីមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលខាងមុខផងដែរ។ សម្ដេចតេជោ ក៏បានបង្ហាញនូវការចង់ឃើញ សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើងផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតរុស្ស៊ី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យឯកឧត្ដម និងសហការី បានចូលជួបសម្ដែងការគួរសម ហើយបានគូសរំលេចអំពីទំនាក់ទំនងយូរអង្វែងរវាងប្រទេសកម្ពុជា និងរុស្ស៊ី មានការទុកចិត្តគ្នា។ ឯកឧត្ដមបានបន្តថា ក្នុងឱកាសខួប៧០ឆ្នាំ នៃទនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦ ខាងមុខ ប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេចជាមួយភាគីកម្ពុជា ក្នុងការពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងយ៉ាងល្អប្រសើរ ដែលមិនត្រឹមតែស្ថាប័ននីតិប្រតបត្តិនោះទេ ស្ថាប័ននីតិប្បញ្ញត្តិក៏មានលក្ខណៈល្អប្រសើរដែរ ដោយឯកឧត្ដមវាយតម្លៃខ្ពស់ចំពោះសភាសហព័ន្ធរុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា នាពេលកន្លងមកមានភាពល្អប្រសើរ ដែលជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានគូសរំលេច រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកាន់អំណាចរបស់រុស្ស៊ី ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀត រវាងគណបក្សនៃប្រទេសទាំងពីរ។ ឯកឧត្ដម ក៏បានលើកឡើងអំពីវិស័យសេដ្ឋកិច្ចរវាងកម្ពុជា និងរុស្ស៊ី ដែលទំហំពាណិជ្ចកម្ម មានចំនួន ២៩លាន ដុល្លារអាម៉េរិក និងរម្លឹកពីការជួយរបស់រុស្ស៊ីលើវិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្ស តាំងពីពេលដែលកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយផ្ដល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្ស៊ី ដែលមកដល់ពេលនេះមានចំនួនជាង ៨ ០០០នាក់ ដែលជាមោទនភាពក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ហើយក្នុងនោះ ក៏មានវិស័យវប្បធម៌ នីតិប្បញ្ញត្តិ យោធា និងវិស័យដទៃទៀត ដែលគ្រោងធ្វើជាមួយគ្នា ក្នុងខួប៧០ឆ្នាំ ក្នុងឆ្នាំ២០២៦ខាងមុខ។
ក្នុងជំនួបនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត និងសម្ដេចតេជោ ក៏បានធ្វើការផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕
ដោយ៖ ជឹម ណារី





