មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្ពុជា ទទួលបានការលើកលែងពន្ធនាំចេញទំនិញចំនួន១៥៤ ទៅកាន់ទីផ្សារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--
មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្ពុជា ទទួលបានការលើកលែងពន្ធនាំចេញទំនិញចំនួន ១៥៤ បន្ទាត់ពន្ធគយ របស់ខ្លួនទៅកាន់ទីផ្សារអាម៉េរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានកែប្រែអត្រាពន្ធគយថ្មី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពនៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក» នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ឹម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានថ្លែងថា ទំនិញកម្ពុជាចំនួន ១៥៤ បន្ទាត់ពន្ធគយ ត្រូវបានលើកលែងពន្ធនាំចូល ឬពន្ធសូន្យ ទៅកាន់ទីផ្សារអាមេរិក បន្ទាប់ពីសហរដ្ឋអាម៉េរិកបានកែប្រែអត្រាពន្ធគយថ្មី។ ឯកឧត្ដមបានបញ្ជាក់ថា៖ «ទំនិញរបស់យើងមានរហូតដល់ ១៥៤បន្ទាត់ពន្ធគយ ដោយក្នុងនោះក្រៅពីវាយនភណ្ឌ គឺផលិតដែលធ្វើដោយដៃ ឧទាហរណ៍៖ ក្រមា, មួក ជាដើម -។ល-។ និងផលិតផល ដែលធ្វើចេញពីកម្ទេចឈើ នាំចេញទៅអាម៉េរិកពន្ធសូន្យ។ ក្រៅពីនេះ ក៏មានរុក្ខជាតិ និងសត្វមួយចំនួនផងដែរ ដែលស្ថិតក្នុងបន្ទាត់ពន្ធគយនេះដែរ»។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ទំនិញផ្សេងៗ ទៀត ក្រុមការងារនឹងនៅតែបន្ដជំរុញរកសក្ដានុពល ដើម្បីអាចនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយគ្មានពន្ធនាំចូល គឺពន្ធសូន្យផងដែរ។
សូមជម្រាបជូនផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិកក្នុងទំហំទឹកប្រាក់ប្រមាណ ៧,១៧ ពាន់លានដុល្លារ ដែលកើនឡើង ២៩,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕


ដោយ៖ ស្រីពេជ្រ





