សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ “ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ”
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- សិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ "ការយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ" និងពង្រឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ៦៩អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដនៅខេត្តបន្ទាយមានជ័យ បានរៀបចំឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ ក្រសួងផែនការ ដោយមានការចូលរួមពីលោក លោកស្រី ប្រតិភូក្រសួងផែនការ មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ផលិតករ អាជីវករ អំបិលជាច្រើនាក់។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រើប្រាស់អំបិលអ៊ីយ៉ូដ គឺជាកត្តាសំខាន់ក្នុងការការពារជំងឺកង្វះអ៊ីយ៉ូដ ដែលអាចបង្កផលប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍន៍ខួរក្បាល ជាពិសេសចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ។ អាជ្ញាធរខេត្តនឹងបន្តសហការជាមួយក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តអនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ និងធានាថាប្រជាពលរដ្ឋទទួលបានអំបិលអ៊ីយ៉ូដដែលមានគុណភាពល្អប្រើប្រាស់ដើម្បីធានាបានដល់សុខភាពរស់នៅល្អប្រសើរនោះ។

ជាមួយគ្នានេះដែរ លោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភក្រសួងផែនការ បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹងបន្ថែមទៀតអំពីសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ និងពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា។ ក្រសួងផែនការនឹងបន្តគាំទ្រដល់អាជ្ញាធរខេត្ត និងផលិតករ អាជីវករអំបិល ក្នុងការផលិត និងចែកចាយអំបិលអ៊ីយ៉ូដដែលមានគុណភាព។

ទន្ទឹមនឹងនេះ សិក្ខាសាលានេះបានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕
ដោយ ឈុន សារ៉ាត





