មូលនិធិរូបិយវត្ថុអន្តរជាតិបដិសេធសំណើរបស់ប៉ាគីស្ថានសម្រាប់ការលើកលែងពន្ធទៅលើគម្រោងវិនិយោគបរទេស
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបដិសេធចំពោះសំណើរបស់ប៉ាគីស្ថានសម្រាប់ការលើកលែងពន្ធទៅលើគម្រោងវិនិយោគបរទេស ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Express Tribune ។
សារព័ត៌មាន Express Tribune បានរាយការណ៍ថា ក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគពិសេស (SIFC) បានស្នើការលើកលែងពន្ធទាំងនេះក្នុងអំឡុងពេលធ្វើសេចក្តីសង្ខេបលម្អិតទៅកាន់គណៈប្រតិភូ IMF ដោយលើកហេតុផលថា ការបន្ធូរបន្ថយពន្ធបែបនេះអាចជួយជំរុញការវិនិយោគបរទេស។ ទោះជាយ៉ាងណាក៏ដោយ IMF បានរក្សាគោលជំហររបស់ខ្លួនទៅលើវិន័យសារពើពន្ធ ហើយបានបដិសេធសំណើនេះ។
យោងតាមសារព័ត៌មាន Express Tribune បានឱ្យដឹងថា នៅក្នុងសន្និសីទសង្ខេបនោះរួមមាន បទបង្ហាញស្តីពីឱកាសវិនិយោគ ក្របខ័ណ្ឌអភិបាលកិច្ច និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ចំណុចសំខាន់មួយ គឺគម្រោងផ្លូវដែកដែលបានស្នើឡើងតភ្ជាប់តំបន់ចាកៃ ទៅកាន់តំបន់ជីវ៉ាដា ដែលមានគោលបំណងជួយសម្រួលដល់ការដឹកជញ្ជូនរ៉ែពីអណ្តូងរ៉ែរេកូឌីក ទៅកាន់ទីក្រុងកំពង់ផែ។
មន្ត្រីប៉ាគីស្ថានបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ជាយុទ្ធសាស្រ្តនៃគម្រោងនេះសម្រាប់កំណើនសេដ្ឋកិច្ច ហើយបានជំរុញឱ្យ IMF អនុម័តការលើកលែងពន្ធសម្រាប់ការអភិវឌ្ឍរបស់ខ្លួន។
ការសិក្សាលទ្ធភាពសម្រាប់គម្រោងផ្លូវដែកនេះ ត្រូវបានអនុវត្តដោយសហការជាមួយក្រសួងហិរញ្ញវត្ថុ និងក្រសួងផ្លូវដែក។ ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនបរទេសដែលមានសក្តានុពលបានស្នើសុំការធានាពីរដ្ឋមុនពេលដាក់ប្រាក់វិនិយោគ។ ទោះជាយ៉ាងណាក៏ដោយ នៅក្រោមកិច្ចព្រមព្រៀងប្រាក់កម្ចីបច្ចុប្បន្ន រដ្ឋាភិបាលប៉ាគីស្ថានមិនអាចផ្តល់ការធានាបែបនេះសម្រាប់រាល់គម្រោងវិនិយោគនោះទេ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Express Tribune៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





