គណៈកម្មការអឺរ៉ុប៖ សហភាពអឺរ៉ុបនឹងដាក់ចេញវិធានការប្រឆាំងនឹងទំនិញអាម៉េរិកចាប់ពីថ្ងៃទី០១ ខែមេសា តទៅ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- សហភាពអឺរ៉ុបនឹងដាក់ចេញនូវវិធានការណ៍ប្រឆាំងផ្នែកពាណិជ្ជកម្មទាក់ទងនឹងទំនិញរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី០១ ខែមេសា តទៅ ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការប្រកាសរបស់លោក ម៉ារ៉ូស សេហ្វកូវីក (Maros Sefcovic) ស្នងការអឺរ៉ុបសម្រាប់សន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងស្នងការអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរស្ថាប័ន និងតម្លាភាព។
លោកបានសរសេរនៅលើបណ្តាញសង្គមអ៊ិច (X) របស់លោកថា «សហរដ្ឋអាមេរិកបានជ្រើសរើសយកការដាក់ពន្ធមិនសមហេតុផល ដែលទុកឱ្យយើងគ្មានជម្រើសអ្វីក្រៅតែពីការឆ្លើយតប។ វិធានការរក្សាតុល្យភាពឡើងវិញរបស់សហភាពអឺរ៉ុបដែលបានផ្អាកបច្ចុប្បន្ននឹងត្រលប់មកវិញចាប់ពីថ្ងៃទី០១ ខែមេសាខាងមុខ»។
លើសពីនេះទៀត លោក សេហ្វកូវីក បានបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកំពុងរៀបចំកញ្ចប់វិធានការតបតថ្មីនៅពាក់កណ្តាលខែមេសា។ លោកបាននិយាយបន្ថែមថា «ការរអាក់រអួល (នៃទំនាក់ទំនងពាណិជ្ជកម្ម) គឺជៀសមិនរួចនោះទេ។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចា»។
កាលពីថ្ងៃពុធ គណៈកម្មការអឺរ៉ុប (EC) បានប្រកាសថា ខ្លួនកំពុងទទួលយកការឆ្លើយតបយ៉ាងឆាប់រហ័ស និងសមាមាត្រប្រឆាំងនឹងការនាំចូលរបស់សហរដ្ឋអាមេរិកទៅកាន់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុប។ យោងតាមសេចក្តីថ្លែងការណ៍មួយ EC បាននិយាយថា ជារួម វិធានការសងសឹករបស់សហភាពអឺរ៉ុបអាចប៉ះពាល់ដល់ការនាំចេញរបស់អាម៉េរិករហូតដល់ ២៦ពាន់លានអឺរ៉ូ ដែលជាទំហំសេដ្ឋកិច្ចនៃពន្ធគយរបស់សហរដ្ឋអាមេរិក។ EC បាននិយាយថា EU នៅតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចពិភាក្សាសម្រាប់ដំណោះស្រាយ។
កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាឱ្យដាក់បញ្ចូលពន្ធ ២៥% ទៅលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីបរទេសទាំងអស់មកកាន់សហរដ្ឋអាមេរិក។ សេចក្តីសម្រេចដែលចូលជាធរមានកាលពីថ្ងៃទី១២ ខែមីនាម្សិលមិញនេះ ត្រូវអនុវត្តចំពោះការនាំចូលពីប្រទេសអាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា ម៉ិកស៊ិក កូរ៉េខាងត្បូង និងជប៉ុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





