មន្ត្រីអាល្លឺម៉ង់៖ អាល្លឺម៉ង់មិនបើកស្ថានទូតឡើងវិញនៅប្រទេសកូរ៉េខាងជើងនោះទេ ខណៈដែលសង្រ្គាមអ៊ុយក្រែននៅតែបន្ត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់មិនមានគម្រោងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសកូរ៉េខាងជើងទេ ខណៈដែលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តកើតមាន។
ប្រទេសអ៊ឺរ៉ុបមួយចំនួនដែលមានប្រតិបត្តិការបេសកកម្មការទូតនៅប្រទេសកូរ៉េខាងជើង ដូចជាប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងស៊ុយអែត បានដកខ្លួនចេញពីប្រទេសផ្តាច់ការនេះនៅដើមឆ្នាំ២០២០ ដោយសារការរឹតបន្តឹងលើជំងឺកូវីដ-១៩ របស់ទីក្រុងព្យុងយ៉ាង។
ប្រទេសអាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាក្នុងការបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅប្រទេសកូរ៉េខាងជើង។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលពាក់ព័ន្ធ អ្នកការទូតអាល្លឺម៉ង់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ាបានមកទស្សនកិច្ចប្រទេសនេះក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យអគារស្ថានទូត និងស្ថានភាពរស់នៅក្នុងស្រុក។
ប្រទេសកូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីគាំទ្ររុស្ស៊ីក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនកាលពីឆ្នាំមុន ខណៈដែលប្រទេសអាល្លឺម៉ង់បានចូលរួមជាផ្លូវការជាមួយទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទទួលបន្ទុកត្រួតពិនិត្យបទឈប់បាញ់នៃសង្រ្គាមកូរ៉េឆ្នាំ១៩៥០-៥៣ កាលពីខែសីហាឆ្នាំមុន។
ចាប់តាំងពីពេលនោះមក ប្រទេសកូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការចូលរួមរបស់ប្រទេសអាល្លឺម៉ង់ចូលទៅក្នុងទីបញ្ជាការ UNC ដោយបានហៅទង្វើនេះថាជាសកម្មភាពបំផ្លាញសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។
មន្ត្រីអាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា «ដរាបណាជម្លោះនៅអ៊ុយក្រែនកំពុងបន្ត យើងនឹងមិនបើកស្ថានទូតនោះទេ»។
យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានឱ្យដឹងថា ស្ថានទូតបរទេសចំនួន ១៥កំពុងប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងជើងនាពេលថ្មីៗនេះ រួមទាំងមកពីប្រទេសប្រេស៊ីល អ៊ីរ៉ង់ ឥណ្ឌា នីហ្សេរីយ៉ា និងនីការ៉ាហ្គា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





