ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែន៖ ខ្លួនបន្ដការវាយប្រហារលើនាវាអ៊ីស្រាអែលនៅ សមុទ្រអារ៉ាប់ និងសមុទ្រក្រហម
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែនបានប្រកាសកាលពីយប់ថ្ងៃអង្គារអំពីការបន្តការវាយប្រហារលើនាវាអ៊ីស្រាអែលនៅសមុទ្រក្រហម សមុទ្រអារ៉ាប់ ឈូងសមុទ្រអេដេន និងច្រកសមុទ្រ Bab al-Mandab ។
អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក យ៉ាហ៍យ៉ា សារៀ (Yahya Sarea) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah ថា ការវាយប្រហារត្រូវបានបន្តដើម្បីគាំទ្រប៉ាឡេស្ទីន និងដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបើកច្រកព្រំដែនឡើងវិញសម្រាប់ការចូលផ្តល់ជំនួយទៅក្នុងតំបន់ហ្គាហ្សា។
កាលពីថ្ងៃសុក្រ មេដឹកនាំក្រុមហ៊ូធី លោក អាប់ឌុលម៉ាលីក អាល់ ហ៊ូធី Abdulmalik al-Houthi បានចេញឱសានវាទរយៈពេល ៤ថ្ងៃដល់អ៊ីស្រាអែល ដោយទាមទារឱ្យមានការអនុញ្ញាតផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ដែលឡោមព័ទ្ធ ហើយក្រុមរបស់លោកនឹងបន្តការវាយប្រហារតាមជើងទឹកឡើងវិញ។
កន្លងមក លោក អាល់ ហ៊ូធី ធ្លាប់បានព្រមានពីការវាយប្រហារឡើងវិញលើទីក្រុងអ៊ីស្រាអែល និងនាវាពាណិជ្ជកម្មដែលភ្ជាប់ជាមួយអ៊ីស្រាអែលនៅសមុទ្រក្រហម ប្រសិនបើអ៊ីស្រាអែលបន្តបំពានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ក្រុមហ៊ូធីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាច្រើន សំដៅលើទីក្រុងអ៊ីស្រាអែល និងកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម ដើម្បីគាំទ្រដល់ប៉ាឡេស្ទីននៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅពេលដែលបទឈប់បាញ់ រវាងក្រុមហាម៉ាស់-អ៊ីស្រាអែល ចូលជាធរមាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





