សហរដ្ឋអាមេរិកអនុម័តច្បាប់បង្ការការទិញអាគុយដែលផលិតដោយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តទៅលើច្បាប់ចំនួនពីរទាក់ទងនឹងប្រទេសចិន ដែលច្បាប់ទាំងពីរនេះរារាំងក្រសួងមហាផ្ទៃពីការទិញអាគុយដែលផលិតដោយក្រុមហ៊ុនចិន និងបង្កើតក្រុមការងារនៅក្នុងក្រសួងដើម្បីតាមដាន និងដោះស្រាយការគំរាមកំហែងពីប្រទេសចិន ដូចដែលរាយការណ៍ដោយសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA)។
កាលពីថ្ងៃច័ន្ទ ទី១០ ខែមីនា សភាតំណាងរាស្រ្តបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការពឹងផ្អែកលើអាគុយរបស់សត្រូវបរទេស HR1166 ដោយសំឡេងបោះឆ្នោត។ ច្បាប់នេះត្រូវបានបោះឆ្នោតឱ្យស្ថិតក្រោមការផ្អាកនៃច្បាប់របស់សភា ដែលជានីតិវិធីដែលតែងតែប្រើដោយសភាដើម្បីពន្លឿនការអនុម័តច្បាប់ដែលមិនមានភាពចម្រូងចម្រាសជាមួយនឹងការគាំទ្រទ្វេភាគី។
សេចក្តីព្រាងច្បាប់នេះ ណែនាំដោយអ្នកតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ លោក កាឡូស ហ្គីមេណេស (Carlos Gimenez) ក្នុងការស្វែងរកការរារាំងក្រសួងមហាផ្ទៃពីការទិញអាគុយពីក្រុមហ៊ុនចំនួនប្រាំមួយ ដែលមានទំនាក់ទំនងជាមួយប្រទេសចិន។
ក្រុមហ៊ុនផលិតអាគុយរបស់ប្រទេសចិនដែលបានចុះបញ្ជីនៅក្នុងច្បាប់នោះ រួមមានក្រុមហ៊ុន Contemporary Amperex Technology Co., Ltd., ក្រុមហ៊ុន BYD Co., Ltd., ក្រុមហ៊ុន Envision Energy Co., Ltd., ក្រុមហ៊ុន EVE Energy Co, Ltd, ក្រុមហុន Haichen Energy Storage Technology Co, Ltd, និងក្រុមហ៊ុន Guoxuan High-tech Power Energy Co, Ltd។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋផ្លរីដា លោក ហ្គីមេណេស បាននិយាយថា «នៅពេលដែលប្រទេសចិនកុម្មុយនិស្តចង់ទទួលបានឥទ្ធិពលនៅក្នុងឧស្សាហកម្មសំខាន់ៗរបស់សកលលោក សហរដ្ឋអាមេរិកត្រូវតែឈានមុខគេក្នុងការប្រឈមមុខ។ នៅពេលដែលយើងកាន់តែពឹងផ្អែកលើបច្ចេកវិទ្យាអាគុយ យើងត្រូវធានាថា អាគុយទាំងនោះមកពីប្រទេសដែលមិនមែនជាសត្រូវ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





