បង់ក្លាដែសកំពុងស្ថិតនៅក្រោមការវាយប្រហារ ដែលត្រូវការដោះស្រាយដោយសហគមន៍អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- អនុប្រធានសម្ព័ន្ធអាវ៉ាមីរបស់សហរដ្ឋអាមេរិក (USA) លោក រ៉ាប់ប៊ី អាឡាំ (Rabbi Alam) បានលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសបង់ក្លាដែស ដោយលោកបានបញ្ជាក់ថា ប្រទេសនេះកំពុងស្ថិតនៅក្រោមការវាយប្រហារ និងជំរុញសហគមន៍អន្តរជាតិឱ្យធ្វើអន្តរាគមន៍។
ថ្លែងទៅកាន់សារព័ត៌មាន ANI នៅទីក្រុងកុលកាតា លោក អាឡាំ ដែលជាជំនួយការដ៏ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ដែលត្រូវបានបណ្តេញចេញនោះ បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌាសម្រាប់ការផ្តល់ទីជម្រក។
លោកបានថ្លែងអំណរគុណបន្ថែមទៀតចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) ដែលបានផ្តល់ផ្លូវសុវត្ថិភាពសម្រាប់ការធ្វើដំណើររបស់លោកស្រី ស្សេក ហាស៊ីណា។
លោកបាននិយាយថា «ប្រទេសបង់ក្លាដែសកំពុងរងការវាយប្រហារ ហើយចាំបាច់ត្រូវដោះស្រាយដោយសហគមន៍អន្តរជាតិ។ ការបះបោរនយោបាយ គឺល្អ ប៉ុន្តែវាមិនមែនជាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសបង់ក្លាដែសនោះទេ។ នេះគឺជាការបះបោររបស់ក្រុមភេរវករ។ មេដឹកនាំជាច្រើនរបស់យើងត្រូវបានជ្រកកោននៅក្នុងប្រទេសឥណ្ឌា ហើយយើងសូមអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជម្រក។ ខ្ញុំក៏សូមអរគុណដល់លោកនាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី សម្រាប់ការផ្តល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់នាយករដ្ឋមន្រ្តីរបស់យើង គឺលោកស្រី ស្សេក ហាស៊ីណា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនឥណ្ឌា»។
លោកបាននិយាយបន្ថែមថា «យើងចង់ស្នើឱ្យទីប្រឹក្សាបង់ក្លាដែសចុះចេញពីតំណែង ហើយត្រលប់ទៅកន្លែងដើមរបស់លោកវិញ និងសូមឱ្យលោកស្រី ស្សេក ហាស៊ីណា ត្រលប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ។ ក្មេងៗជំនាន់ក្រោយបានសាងកំហុស ប៉ុន្តែនោះមិនមែនជាកំហុសរបស់ពួកគេទេ ពួកគេត្រូវបានគេបោកប្រាស់»។
លោក អាឡាំ បានបង្ហាញពីទំនុកចិត្តចំពោះការវិលត្រឡប់ទៅវិញរបស់លោកស្រី ស្សេក ហាស៊ីណា ក្នុងនាមជានាយករដ្ឋមន្ត្រីបង់ក្លាដែស។ លោកបានបញ្ជាក់បន្ថែមថា យុវជនជំនាន់ក្រោយរបស់ប្រទេសបានប្រព្រឹត្តកំហុស ដែលត្រូវបានគេរៀបចំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





