អធិការបតីអាល្លឺម៉ង់គាំទ្រគំនិតនៃបទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ (Olaf Scholz) បាននិយាយថា លោកស្វាគមន៍ចំពោះគំនិតនៃបទឈប់បាញ់គ្នារយៈពេល ៣០ថ្ងៃនៅអ៊ុយក្រែន។
លោក ស្កូលហ្ស៍ បានសរសេរនៅលើទំព័រនៃបណ្តាញសង្គមអ៊ិច (X) របស់លោកថា «គំនិតនៃបទឈប់បាញ់រយៈពេល ៣០ថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ និងត្រឹមត្រូវឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវសម្រាប់អ៊ុយក្រែន» ដោយលោកបាននិយាយបន្ថែមថា នៅពេលនេះ វាអាស្រ័យទៅលើលោក ពូទីន [ប្រធានាធិបតីរុស្ស៊ី]។
កាលពីថ្ងៃទី១១ ខែមីនា គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបពិភាក្សាគ្នានៅទីក្រុងជេដដារបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចពិភាក្សានោះបានចំណាយពេលអស់ ៩ម៉ោងកន្លះ។ បន្ទាប់ពីកិច្ចពិភាក្សា សេចក្តីថ្លែងការណ៍រួមមួយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់លោក វ៉ា្លឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ដោយអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោននឹងលុបចោលការផ្អាកជាបន្ទាន់ក្នុងការផ្តល់ព័ត៌មានស៊ើបការណ៍ និងបន្តផ្តល់ជំនួយដល់ទីក្រុងគៀវ។ សេចក្តីថ្លែងការណ៍នោះក៏បានកត់សម្គាល់ផងដែរថា ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវកិច្ចព្រមព្រៀងស្តីពី ការអភិវឌ្ឍធនធានរ៉ែសំខាន់ៗដើម្បីពង្រឹងសេដ្ឋកិច្ចរបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ លោក អេនដ្រេយ យើម៉ាក (Andrey Yermak) ប្រធានការិយាល័យរបស់លោក ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងស្តីពីរ៉ែនៅអ៊ុយក្រែននឹងត្រូវបានចុះហត្ថលេខានៅពេលដែលសហរដ្ឋអាមេរិកយល់ថាសមស្រប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





