វិមានក្រឹមឡាំង៖ កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ គឺអាចទៅរួច
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា វិមានក្រឹមឡាំងមិនបានបដិសេធទេថា បញ្ហានៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងកើតឡើងបន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ហើយអាចត្រូវបានរៀបចំយ៉ាងឆាប់រហ័ស។
លោកបាននិយាយថា «យើងក៏មិនច្រានចោលដែរថា ប្រធានបទនៃកិច្ចសន្ទនាតាមទូរស័ព្ទនៅកម្រិតខ្ពស់បំផុតនោះអាចនឹងកើតឡើង។ ប្រសិនបើតម្រូវការបែបនេះលេចឡើងវានឹងត្រូវបានរៀបចំយ៉ាងឆាប់រហ័ស។ បណ្តាញនៃកិច្ចសន្ទនាដែលមានស្រាប់ជាមួយជនជាតិអាម៉េរិក ធ្វើឱ្យវាអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លី»។
កិច្ចចរចារវាងគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានធ្វើឡើងនៅទីក្រុងជេដដា ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១១ ខែមីនា ដែលមានរយៈពេល ៩ម៉ោងកន្លះ។ បន្ទាប់ពីកិច្ចពិភាក្សានោះ សេចក្តីថ្លែងការណ៍រួមមួយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ដោយអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោននឹងលុបចោលការផ្អាកភ្លាមៗក្នុងការផ្តល់ព័ត៌មានចារកម្ម និងបន្តជំនួយដល់ទីក្រុងគៀវ។
សេចក្តីថ្លែងការណ៍នោះក៏បាននិយាយផងដែរថា ប្រទេសទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូលំទូលាយមួយស្តីពី ការអភិវឌ្ឍធនធានរ៉ែសំខាន់ៗឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីពង្រឹងសេដ្ឋកិច្ចរបស់អ៊ុយក្រែន។ លោក អេនដ្រេយ យើម៉ាក (Andrey Yermak) ប្រធានការិយាល័យរបស់លោក ហ្សេលេនស្គី បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាថា កិច្ចព្រមព្រៀងរ៉ែនឹងត្រូវបានចុះហត្ថលេខានៅពេលដែលសហរដ្ឋអាមេរិកយល់ថាវាសមស្រប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





