ម៉ាឡេស៊ីផ្សព្វផ្សាយទេសចរណ៍ក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដាន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីកំពុងរៀបចំសម្រាប់ការហូរចូលយ៉ាងខ្លាំងនៃអ្នកទេសចរមូស្លីមក្នុងអំឡុងខែនៃពិធីបុណ្យរ៉ាម៉ាដាន ដោយរំពឹងថានឹងមានភ្ញៀវទេសចរចន្លោះពី ២៥០.០០០នាក់ ទៅ ៤០០.០០០នាក់ដែលត្រូវបានទាក់ទាញដោយពិធីបុណ្យវប្បធម៌អ៊ីស្លាមដ៏រស់រវើករបស់ប្រទេស និងបទពិសោធន៍ទេសចរណ៍សាសនា។
លោកបណ្ឌិត វ៉ាន មូហាម៉ាដ អាដាម វ៉ាន ណូរូឌីន (Wan Muhamad Adam Wan Norudin) ប្រធានសមាគមប្រតិបត្តិករទេសចរណ៍ប៊ូមីពូត្រា (Bumiputra) របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា កេរ្តិ៍ឈ្មោះរបស់ប្រទេសម៉ាឡេស៊ីជាគោលដៅទេសចរណ៍រ៉ាម៉ាដានកំពូលនៅតែបន្តកើនឡើង ដោយទាក់ទាញភ្ញៀវទេសចរភាគច្រើនមកពីប្រទេសឥណ្ឌូណេស៊ី ប្រ៊ុយណេ សិង្ហបុរី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា។
ប្រទេសនេះក៏កំពុងមើលឃើញនូវការកើនឡើងនៃអ្នកទេសចរមកពីប្រទេសតួកគីផងដែរ ដោយពួកគេចង់ឃើញព្រឹត្តិការណ៍វប្បធម៌ប្លែកៗ ដូចជាពិធីបុណ្យពិសេស ការប្រគំតន្ត្រី និងសកម្មភាពផ្សេងៗទៀតនៅពូត្រាចាយ៉ា។
អ្នកទេសចរមូស្លីមជាច្រើននាក់ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសម៉ាឡេស៊ីនៅសប្តាហ៍ចុងក្រោយនៃពិធីបុណ្យរ៉ាម៉ាដាន នៅពេលដែលមានការផ្សព្វផ្សាយអំពីពិធីបុណ្យ និងការដើរទិញឥវ៉ាន់។ សម្រាប់អ្នកទេសចរមូស្លីម វាជាឱកាសមួយដើម្បីសង្កេតមើលពិធីបុណ្យរ៉ាម៉ាដាននៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមដ៏ធំមួយនេះ ដោយមានការចែករំលែកអាហារជាមួយសហគមន៍មូលដ្ឋាន ការស្វែងយល់ទីផ្សាររ៉ាម៉ាដានដ៏អ៊ូអរ និងការចូលរួមក្នុងពិធីអធិស្ឋាន។
នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរមូស្លីមចំនួន ៤,៨២លាននាក់ ដែលភាគច្រើនមកពីប្រទេសឥណ្ឌូណេស៊ី ប្រ៊ុយណេ ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងកាហ្សាក់ស្ថាន។
ខណៈដែលម៉ាឡេស៊ីនៅតែជាគោលដៅពេញនិយមសម្រាប់អ្នកទេសចរមូស្លីម ឥឡូវនេះវាកំពុងផ្តោតសំខាន់ទៅលើការទាក់ទាញអ្នកទេសចរជនជាតិចិនដែលកាន់សាសនាឥស្លាម។ ជាមួយនឹងប្រជាជនម៉ូស្លីមប្រហែល ១០០លាននាក់ ដែលភាគច្រើនមិនទាន់បានទៅលេងម៉ាឡេស៊ី ប្រទេសនេះមើលឃើញនូវសក្តានុពលដ៏សំខាន់នៅក្នុងទីផ្សារនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





